(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹក​អាមេរិកបានបញ្ជូននាវាពិឃាត ០២គ្រឿង ឱ្យធ្វើដំណើរកាត់​តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តែ​០២ថ្ងៃ​ប៉ុណ្ណោះបន្ទាប់ពីយន្ដហោះ​ចម្បាំងចិន​ពីរគ្រឿង បានហោះឆ្វែលជុំវិញ​កោះតៃវ៉ាន់។ នេះបើតាម​កងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក​ ដកស្រង់ចេញផ្សាយដោយ​សារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

ថែ្លងប្រាប់ CNN អ្នកនាំពាក្យ​កងនាវាអាមេរិក​ប្រចាំតំបន់​ប៉ាស៊ីហ្វិក លោក ធីម ហ្គ័រមែន (Tim Gorman) បានឱ្យដឹងទៀតថា នាវាពិឃាតបំពាក់​មីស៊ីល​អាមេរិក ០២គ្រឿងគឺ USS McCampbell និង USNS Walter S. Diehl បានដឹកនាំ​ប្រតិបត្តិការនាវាចរ​ជាទម្លាប់នៅឯច្រក​សមុទ្រ​តៃវ៉ាន់ ស្របទៅតាម​ច្បាប់អន្តរជាតិ ហើយថានឹងបន្តធ្វើនាវាចររបៀបនេះ​ទៅកាន់គ្រប់ទីកន្លែង។

លោក Gorman បានគូស​បញ្ជាក់នាឱកាសនោះ​យ៉ាងដូច្នេះថា «ការធ្វើនាវាចររបស់​នាវាពិឃាតអាមេរិកកាត់តាមច្រក សមុទ្រតៃវ៉ាន់ បានបង្ហាញពី​ការប្ដេជ្ញាចិត្តរបស់​សហរដ្ឋអាមេរិក ក្នុងការការពារ​សេរីភាព​នាវាចរ និងការបើក​ចំហតំបន់ឥណ្ឌូ-​ប៉ាស៊ីហ្វិក... ហើយកងនាវា​អាមេរិកនឹងនៅ​តែធ្វើការហោះហើរ និងនាវាចរ​របៀបនេះទៅកាន់គ្រប់​ទីកន្លែងឱ្យតែច្បាប់​អន្តរជាតិ​អនុញ្ញាត»

គួរបញ្ជាក់ថា ការធ្វើនាវាចរ​របស់សហរដ្ឋអាមេរិក​នៅឯតំបន់ច្រក​សមុទ្រតៃវ៉ាន់ ធ្វើឡើង​បន្ទាប់​ពីចិន​បានបញ្ជូនយន្ដហោះ​ចម្បាំង Sukhoi Su-30 និងយន្ដហោះ​យោធាដឹក​ជញ្ជូន Shaanxi Y-8 ឱ្យទៅហោះឆ្វែល​ជុំវិញកោះតៃវ៉ាន់​កាលពីថ្ងៃអង្គារ។ ប៉ុន្តែចិន ក៏បានអះអាង​ដែរថា នេះគ្រាន់តែជាសមយុទ្ធហោះហើរធម្មតា​ ជុំវិញដែនដីរបស់ខ្លួន​តែ​ប៉ុណ្ណោះ៕