(តែលអាវីវ)៖ នាថ្ងៃព្រហស្បតិ៍នេះ​យោធាអ៊ីស្រាអែលបានឲ្យដឹងថា ប្រព័ន្ធការពារគ្រាប់រ៉ុក្កែត Iron Dome ​ត្រូវបានដាក់ពង្រាយ​នៅភាគកណ្តាលប្រទេស ខណៈភាពតានតឹងបានកើនឡើង​នៅតាមព្រំដែន។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញ​ពី​ទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

​យោងតាម​ប្រភពពី​មន្រ្តី​យោធាអ៊ីស្រាអែល​ដែល​បាន​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ប្រព័ន្ធការពារ​រ៉ុក្កែត Iron Dome ត្រូវ​បាន​ដាក់​ពង្រាយ​នៅតំបន់ Gush Dan ដែលជាបេះដូងនៃទីក្រុង​​តែល​អាវីវ។ មិនតែប៉ុណ្ណោះប្រព័ន្ធ Iron Dome ក៏ត្រូវបាន​ដាក់​ពង្រាយ​នៅ​ភាគខាងត្បូងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប្រព័ន្ធប្រឆាំង​គ្រាប់រ៉ុក្កែតដទៃទៀត​ នៅក្នុងតំបន់ផងដែរ។

គួរជម្រាបថា កាលពី២ថ្ងៃមុន ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំអង្គការសហប្រជាជាតិបានព្រមាន​ថា ​រដ្ឋាភិបាលទីក្រុងដាម៉ាស់​អាច​​នឹង​​ធ្វើការវាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន Ben Gurion ដែលនៅជាយក្រុងតែលអាវីវ ប្រសិនបើស្ថាប័នអន្តរជាតិនេះ នៅតែ​ឱបដៃឈរមើល​ ការវាយប្រហារ​តាមផ្លូវអាកាសជាដដែលៗ​​របស់អ៊ីស្រាអែល ទៅលើ​ប្រទេសស៊ីរី៕