(ហាណូយ)៖ ឆ្លើយតបនឹងសំណួរពាក់ព័ន្ធ​​ការ​បើកកិច្ចប្រជុំកំពូលលើកទីពីរ​ រវាង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​ប្រមុខដឹកនាំ​កំពូលកូរ៉េខាង​ជើង​​​ លោក គីម ជុងអ៊ុន រដ្ឋាភិបាលវៀតណាម​នាថ្ងៃព្រហស្បតិ៍នេះបានបង្ហាញជំនឿ​ជឿ​ជាក់​​យ៉ាង​មុត​មាំ​​​លើសមត្ថភាពរបស់ខ្លួន​ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។ នេះបើតាមការដកស្រង់​ការ​ផ្សាយ​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

នៅពេលមានការលើកឡើងជាសំណួរអំពីលទ្ធភាពដែលថា វៀតណាមកំពុងត្រៀមទទួលរៀបចំ​កិច្ចប្រជុំកំពូល​លើក​ទីពីរ​​​រវាង​ លោក ត្រាំ និង លោក គីម ដែលនឹងប្រព្រឹត្តទៅនៅអំឡុងចុងខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់​ថា ​ទីតាំង​និងពេលវេលា​​សម្រាប់កិច្ចប្រជុំកំពូលនេះ នឹងត្រូវសម្រេចដោយប្រទេសទាំងពីរ ក៏ប៉ុន្តែ​​វៀតណាម រីករាយក្នុងការចូលរួមចំណែកវិជ្ជមាន ដើម្បីលើកកម្ពស់កិច្ចសន្ទនា ព្រមទាំងរក្សាសន្តិសុខ សន្តិភាព និងស្ថិរភាព​​​នៅឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងមិនទាន់ទទួលបានព័ត៌មានទាក់ទិននឹងរឿង​កិច្ចប្រជុំកំពូល​នេះ​នៅ​​ឡើយទេ ប៉ុន្តែខ្ញុំមានភាពជឿជាក់ខ្ពស់ទៅលើសមត្ថភាពរបស់ប្រទេសវៀតណាម ក្នុងការទទួលរៀបចំព្រឹត្តិការណ៍លក្ខណៈ​អន្តរជាតិ​ធំៗ​​»​។

កាលពីថ្ងៃសុក្រសប្តាហ៍មុន សេតវិមានអាមេរិក បានបញ្ជាក់ថា ជំនួបកំពូលរវាង​ លោក ដូណាល់ ត្រាំ​ និង លោក គីម ជុងអ៊ុន នឹងធ្វើឡើងជាលើកទីពីរ​នៅអំឡុងចុងខែកុម្ភៈខាងមុខ ខណៈលោក ត្រាំ ផ្ទាល់ បានបង្ហើបឲ្យដឹងថា ប្រទេសសម្រាប់រៀបចំ​​កិច្ច​ប្រជុំនេះត្រូវបានជ្រើសរើស​រួចរាល់ហើយ ប៉ុន្តែលោកមិនបានប្រាប់ថាប្រទេសមួយណាឲ្យច្បាស់ឡើយ។

យ៉ាងណាក៏ដោយ បើតាមព័ត៌មានចុះផ្សាយព្រោងព្រាតនាពេលកន្លងទៅនេះ វៀតណាមទំនង​ជាប្រទេស​​ដែលត្រូវបាន​ជ្រើស​រើសដើម្បីរៀបចំកិច្ចប្រជុំដ៏សំខាន់នេះ ដោយអាចនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ឬ​មួយក៏ទីក្រុងដាណាង ដែលនៅជាប់​ឆ្នេរសមុទ្រ៕