​(ព្យុងយ៉ាង)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បានចេញបញ្ជា​ឱ្យក្រុមមន្ត្រីរបស់ខ្លួន ត្រៀម​បច្ចេកទេសរៀបចំ​ឱ្យបានល្អ សម្រាប់កិច្ចប្រជុំកំពូលជាលើកទី ២ ជាមួយប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ។ នេះបើតាម KCNA ដកស្រង់ការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា ការណែនាំ​របស់លោក គីម ជុងអ៊ុន ធ្វើឡើងបន្ទាប់ពី​លោកទទួលបាន​សំបុត្រមួយច្បាប់​ពីលោក ដូណាល់ ត្រាំ តាមរយៈមន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​លោក គីម យ៉ុងចុល ដែលទើបតែ​ជួបជាមួយ រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ កាលពីសប្ដាហ៍មុន​ក្នុងទីក្រុង​វ៉ាស៊ីនតោន។ KCNA បញ្ជាក់ទៀតថា មេដឹកនាំ​ទីក្រុងព្យុងយ៉ាង​លោក គីម ជុងអ៊ុន ក៏បានបង្ហាញ​ការពេញជាខ្លាំង​ផងដែរ ចំពោះលទ្ធផលនៃ​កិច្ចប្រជុំនេះ ហើយបញ្ជាឱ្យក្រុម មន្ត្រីរបស់ខ្លួន ត្រៀម​បច្ចេកទេសរៀបចំ​ឱ្យបានល្អ​ សម្រាប់កិច្ចប្រជុំ​កំពូលជាលើកទី ២ ជាមួយលោក ត្រាំ។

ប៉ុន្តែសារព័ត៌មាន​កូរ៉េខាងជើងមួយនេះ មិនបានបញ្ជាក់អ្វី​លម្អិតពីទីតាំង និងពេលវេលារៀបចំកិច្ច​ប្រជុំកំពូលនោះទេ ខណៈ​មានសេចក្ដី​រាយការណ៍​ជាបន្តបន្ទាប់ថា វាអាចនឹងត្រូវធ្វើឡើងក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម​នៅចុងខែកុម្ភៈខាងមុខ​នេះ។ នេះគឺជាលើក​ទីមួយហើយដែលប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង រាយការណ៍​ពីលទ្ធភាពនៃការរៀបចំ​ជំនួបកំពូល កូរ៉េខាងជើង-​អាមេរិក ជា​លើកទី២៕