(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក​អាចនឹងប្រើប្រាស់សម្ព័ន្ធមិត្ត​ នៅតំបន់អាមេរិកឡាទីន​របស់ខ្លួន ក្នុងការធ្វើប្រតិបត្តិការ​យោធា​ទម្លាក់​​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច ខណៈ​ទីក្រុងវ៉ាស៊ីនតោន​​បានហៅមេដឹកនាំ​វេណេស៊ុយអេឡា​រូបនេះថា «អតីត​ប្រធានាធិបតី» បាត់ទៅហើយ។ នេះគឺជាការ​ព្រមានរបស់​លោក ម៉ាក ប៊្លូមែនថល (Max Blumenthal) ដកស្រង់ការ​ចេញផ្សាយដោយ​សារព័ត៌មាន RT នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

លោក Max Blumenthal ជាអ្នកសារព័ត៌មានបែបស៊ើបអង្កេតអាមេរិកម្នាក់ បានធ្វើការកត់​សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍​ជាមួយ​សារព័ត៌មាន RT និងបន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ប្រកាសទទួល​ស្គាល់មេដឹកនាំ​បក្ស​ប្រឆាំងវេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីវេណេស៊ុយអេឡាស្របច្បាប់។

លោក Blumenthal បានលើកឡើង​ក្នុងកិច្ច​សម្ភាសន៍​​​នោះយ៉ាងដូច្នេះថា «អ្វីដែល​ត្រូវព្រួយបារម្ភ​នៅពេលនេះ គឺការប្រើប្រាស់​កម្លាំងយោធា​ដើម្បីទម្លាក់​លោក ម៉ាឌូរ៉ូ ពីអំណាច។ ប្រតិបត្តិការនេះ​អាចធ្វើចេញពី​ប្រទេសកូឡុំប៊ី ឬតាមរយៈសកម្មភាព​យោធាលួចលាក់​ចេញពីកូឡុំប៊ី ឬក៏ប្រេស៊ីល ហើយ សហរដ្ឋអាមេរិក​គឺជាអ្នកគាំទ្រ​ពីក្រោយ»

គួរបញ្ជាក់ថា បើតាម​លោក Blumenthal បើសិនជាសង្រ្គាម​ផ្ទុះឡើងមែន ក្រុមប្រឆាំងនៅ​ក្នុងប្រទេស​វេណេស៊ុយអេឡា នឹងមិនងើបឡើង​កាន់អាវុធប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដូចក្រុមប្រឆាំង​ក្នុងប្រទេសស៊ីរី​ធ្លាប់ធ្វើនោះទេ ប៉ុន្តែពួកគេ​អាចនឹង​ប្រើប្រាស់អំពើហិង្សា​ដើម្បី​ឱ្យអន្តរជាតិ​​ថ្កោលទោស និងដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាលទីក្រុង​​ការ៉ាកាស់។ បច្ចុប្បន្ន​ស្ថានការណ៍​នៅវេណេស៊ុយអេឡា​កាន់តែ​វឹកវរ ដោយសារតែ​​ការប្រឈមមុខដាក់គ្នា​រវាង​​ក្រុម​គាំទ្របក្ស​ប្រឆាំង និងក្រុមគាំទ្រ​រដ្ឋាភិបាល ខណៈមនុស្សមួយចំនួន​បានស្លាប់​ផងដែរ៕