(គូឡាឡាំពួរ)៖ ព្រះចៅស៊ុល (Sultan) ប្រចាំនៅរដ្ឋផេហាង (Pahang) ដែលមានព្រះនាមថា អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉េដ ហ្សាហ៍ (Abdullah Sultan Ahmad Shah​) ត្រូវបានជ្រើសតាំង​ជាព្រះមហា​ក្សត្សម៉ាឡេស៊ីថ្មី នៅថ្ងៃព្រហស្បតិ៍នេះហើយ បន្ទាប់ពីកិច្ចប្រជុំ​ពិសេសមួយ​របស់ក្រុមប្រឹក្សារាជវង្ស Sultan ប្រចាំរដ្ឋទាំង ៨ ត្រូវបាន​បញ្ចប់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

ព្រះចៅ Ahmad Shah នឹងត្រូវឡើងគ្រង់រាជសម្បត្តិសម្រាប់អាណត្តិរយៈពេល ០៥ឆ្នាំ ចាប់ពីថ្ងៃទី៣១ ខែមករា​តទៅ ខណៈព្រះចៅ ស៊ុលតង់ ណាស្រ៊ីន ហ្សា (Sultan Nazrin Sha) នៃរដ្ឋ ភែរ៉ាក់ (Perak) ត្រូវបានជ្រើសតាំងជា ព្រះចៅបម្រុង (deputy king)។
ការបោះឆ្នោត​នេះត្រូវបាន​ធ្វើឡើង ក្នុងកិច្ចប្រជុំពិសេស​មួយនៅម៉ោង ១១៖១៥នាទីព្រឹកមិញ​នេះ​នៅឯព្រះរាជវាំង អ៊ីស្តាណា ណេហ្គារ៉ា (Istana Negara) ក្រោមការដឹកនាំ​ដោយ ព្រះចៅ ស៊ុលតង់ មីហ្សាន ហ្សៃណាល់ អាប៊ីឌីន (Sultan Mizan Zainal Abidin) ប្រចាំរដ្ឋ​តេរេងហ្គានូ (Terengganu)។ ព្រះចៅនៃខ្សែរាជវង្ស Sultan ប្រចាំរដ្ឋទាំង ០៨ បានទម្លាក់​សន្លឹកឆ្នោតគ្រប់អង្គនៅក្នុងការ​បោះឆ្នោត ដែលត្រូវបាន​បញ្ចប់នៅ​ម៉ោង ១២៖៤៥នាទីថ្ងៃត្រង់ថ្ងៃដដែលនេះ។

គួរបញ្ជាក់ថា ការតែងតាំង​​ព្រះមហាក្សត្រ​​ម៉ាឡេស៊ីថ្មី ធ្វើឡើង​បន្ទាប់ពីព្រះចៅ ស៊ុលតង់ មូហាំម៉េដ ទី ៥ (Sultan Muhammad V) បានសម្រេច​​ព្រះទ័យចាកចេញ​ពីរាជសម្បត្តិកាល​ពីថ្ងៃទី៦ ខែមករា ក្រោយ​ពីទ្រង់ទើបសោយរាជ្យបាន ០២ឆ្នាំ។ ការលាលែង​ដោយសាររឿងអាស្រូវនេះ គឺមិនធ្លាប់កើតមាននោះឡើយ​នៅក្នុង​ប្រវត្តិ​រាជវង្សរបស់សហព័ន្ធម៉ាឡេស៊ី៕