(ការ៉ាកាស់)៖ បន្ទាប់ពី​មេបក្ស​ប្រឆាំង​វេណេស៊ុយអេឡា លោក ចូអាន ហ្គៃដូ (Juan Guaido) បានប្រកាសខ្លួនឯង​ជាប្រធានាធិបតី​ស្តីទី​​ ហើយ​​សហរដ្ឋអាមេរិក​​បាននិងកំពុង​ទទូចឲ្យ​​លោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង​​ដើម្បីទុកឲ្យ​​លោក Guaido ឡើង​ធ្វើដឹកនាំ​​ប្រទេស​ជំនួស​វិញនោះ ទីបំផុត​អំពើ​ហិង្សាបានផ្ទុះឡើងនៅ​ប្រទេសអាមេរិកឡាទីន​មួយនេះ ក្នុងគេឃើញមានការបាញ់បោះ និងតវ៉ាតាមរយៈវីដេអូ​និងរូបភាព​ផ្សេងៗ ដែលត្រូវបាន​ចែក​ចាយនៅ​ពាសពេញបណ្តាញ​ទំនាក់ទំនង​សង្គម។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

គណនីមួយ​ចំនួន​នៃ​បណ្តាញសង្គម Twitter បានរាយការណ៍ថា សំឡេងផ្ទុះ​បានកើតមាន​តាមតំបន់ភាគខាងកើត​​នៃ​រដ្ឋធានីការ៉ា​កាស់​ ខណៈអ្នក​ប្រើប្រាស់ Twitter ខ្លះទៀតបាន​បង្ហោះនូវឃ្លីប​វីដេអូ ដែលបង្ហាញពីការ​ផ្ទុះអាវុធ​នាអំឡុង​​​​ការ​ធ្វើ​បាតុ​កម្ម​​នៅ​ការ៉ាកាស់​។ ក្រៅពីនេះ​មានវីដេអូខ្លះទៀត ​​បានស្តែងឲ្យឃើញ​​ពីសកម្មភាព​​​ក្រុមអ្នកតវ៉ា​ស្ទាក់រថយន្តមួយ​គ្រឿង​​របស់ប៉ូលិស​​វេណេស៊ុយ​អេឡា ហើយដុតចោល​ថែមទៀត​ផង។

ទន្ទឹមនឹងនេះ ​ការប៉ះទង្គិចគ្នាក្នុង​អំឡុងការធ្វើបាតុកម្មទូទាំងប្រទេស​នៅវេណេស៊ុយអេឡា ក៏បានបង្កឲ្យមនុស្ស ១៦នាក់ស្លាប់​ផងដែរ នៅរដ្ឋ ព័រទុយហ្គេសា (Portuguesa), ថាជីរ៉ា (Tachira), អាម៉ាហ្សូណាស់ (Amazonas), បូលីវ៉ា (Bolivar), ទីក្រុងការ៉ាកាស់ និង ក្រុង​បារីណាស់ (Barinas) ជាដើម។

គួរជម្រាបថា កាលពីថ្ងៃពុធ លោក Juan Guaido បានប្រកាសខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទីវេណេស៊ុយអេឡា ​នៅ​ក្នុងការ​ជួបជុំ​គ្នាទ្រង់ទ្រាយធំ​មួយនៅរដ្ឋធានី​ការ៉ាកាស់ ដោយមាន​ការជួយជ្រោមជ្រែង​ពី​សហរដ្ឋអាមេរិក​​ជាសាធារណ​តែម្តង។ រីឯសហរដ្ឋអាមេរិក​បានទទូចឲ្យ​​ប្រធានាធិបតី​វេណេស៊ុយអេឡា​ លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែង​ដើម្បីបើកផ្លូវឲ្យ​លោក Guaido ឡើងក្តោបក្តាប់​អំណាច។

ជាការឆ្លើយតប​លោក ម៉ាឌូរ៉ូ បានហៅលោក Guaido ថាជាកញ្ជះរបស់​អាមេរិក​ និងបានប្រកាសថា ទីក្រុងអង់ការ៉ា​នឹង​កាត់ផ្តាច់​ចំណងការទូត​ជាមួយទីក្រុងវ៉ាស៊ីនតោន។ ដោយឡែកលោក Guaido ក៏បានអំពាវនាវ​ឲ្យ​មានការបំផ្ទុះបាតុកម្ម​ប្រឆាំងរដ្ឋាភិបាលនៅ​ទូទាំង​ផ្ទៃប្រទេសផងដែរ កាលពីថ្ងៃទី២៣ ខែមករា ​ដែលត្រូវជាខួបទី ៦១ឆ្នាំ នៃការបះបោរទម្លាក់មេដឹកនាំ​យោធា​ផ្តាច់ការ លោក ម៉ាក្រូស ពែរែស ជីមែណែស (Macros Perez Jimenez) ខណៈថ្ងៃដដែលនេះ​​ក្រុមអ្នកគាំទ្រ​​លោក ម៉ាឌូរ៉ូ ក៏បានរៀបចំការ​​ប្រមូលផ្តុំដាច់​ដោយឡែកផ្សេង​គ្នាថែម​ទៀតផង៕