(ប៉េកាំង)៖ ទោះបីជាសន្ទុះ​សេដ្ឋកិច្ចចិន ហាក់កំពុង​ហាក់មានការថយចុះបន្តិច​ក៏ដោយ ក៏មហាយក្សលេខ ១ នៅអាស៊ីទំនងជានឹងវ៉ាដាច់​សហរដ្ឋ​អាមេរិក ​ក្លាយជាទីផ្សារលក់រាយធំ​ជាងគេបង្អស់ នៅលើ​ពិភពលោក​ក្នុងឆ្នាំ២០១៩ នេះដែរ។ នេះបើតាម​ការរបាយការណ៍ថ្មី​មួយ​​​ពី​​ក្រុមហ៊ុនស្រាវជ្រាវ eMarketer ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

របាយការណ៍​ខាងលើ​​បានបង្ហាញការព្យាករណ៍ថា ​ទំហំទឹកប្រាក់សរុបនៃការលក់ទំនិញរាយ​របស់ប្រទេសចិន​នឹងកើន ​៧.៥ភាគរយ ដល់ទំហំ​ ៥.៦៣៦ទ្រីលានដុល្លារ (ពាន់ពាន់លាន) នៅឆ្នាំ២០១៩នេះ ខណៈអាមេរិក​វិញនឹងកើន ៣.៣ភាគរយ​ ដល់ទំហំ ​៥.៥២៩​​ទ្រីលាន​​ដុល្លារ។ ​​យោងតាម​របាយការណ៍​ដដែល កំណើន​នៃការលក់​រាយរបស់ចិននេះ គឺដោយសារតែ​ការកើនឡើងនៃ​ប្រាក់ចំណូល​​ប្រជាជន បូក​រួម​ជាមួយ​​ភាព​រីកចម្រើន​នៃ​ក្រុមហ៊ុនលក់ទំនិញ​អនឡាញ​របស់ចិន។

គួរជម្រាបថា យោងតាម​ការិយាល័យជាតិ​ស្ថិតិចិន វិស័យលក់ទំនិញ​តាមអនឡាញ គឺជាកត្តាជំរុញ​ដ៏សំខាន់បំផុត​មួយ នៃ​សេដ្ឋ​កិច្ចទីផ្សារ​លក់រាយរបស់ប្រទេស​ចិន ដែល​​​​ទទួលបន្ទុកលើមួយ​ភាគប្រាំ នៃការលក់ទំនិញរាយ​សរុប​របស់ចិន​កាលពីឆ្នាំ​២០១៨។ ​​នៅថ្ងៃបញ្ចុះ​តម្លៃទំនិញពិសេស​ប្រចាំឆ្នាំហៅថា Singles Day ​ក្នុង​ប្រទេសចិន ក្រុមហ៊ុន Alibaba រកចំណូល​​បាន ​១.៤៧ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេលត្រឹម ២នាទីដំបូង​ប៉ុណ្ណោះ ខណៈក្នុងរយៈពេល ​២៤ម៉ោង​​​បានកើនដល់​ ៣១.៤៦​ពាន់លានដុល្លារ ដែល​ខ្លាំង​​ជាងទំហំ​នៃការលក់ទំនិញ​ក្នុង​ថ្ងៃបញ្ចុះតម្លៃទំនិញ​ហៅថា Cyber Monday និង Black Friday នៅអាមេរិក​​រួម​បញ្ចូល​គ្នា​​ទៅ​ទៀត៕