(សិង្ហបុរី)៖ តារាសម្តែង​ជនជាតិ​សិង្ហបុរីឈ្មោះ អាឡូយស៊ីស ផេង (Aloysius Pang) បានទទួលមរណភាព ក្រោយរងរបួសធ្ងន់នាអំឡុង​​ការហ្វឹក​ហ្វឺនមួយរបស់​យោធាសិង្ហបុរី​ នៅឯប្រទេស​នូវែលសេឡង់។ នេះបើតាម​ការ​សេចក្តី​ប្រកាសរបស់​​ក្រសួងការពារជាតិ​​សិង្ហបុរី ដក​ស្រង់ខ្លឹមសារ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

ក្រសួងការពារជាតិ​សិង្ហបុរីបានឲ្យដឹងថា គណៈកម្មាធិការ​ស៊ើបអង្កេត​ឯករាជ្យមួយ​នឹងត្រូវបង្កើត​ឡើង​ ដើម្បីស្រាវជ្រាវ​​លម្អិតលើរឿងហេតុ ដែល​ឈានរហូត​ដល់​ការបាត់បង់ជីវិត​​របស់លោក Aloysius Pang។ ទន្ទឹមនឹងនេះ​លទ្ធផលរកឃើញបឋម​ ​​ក៏នឹងត្រូវប្រកាស​ជាសាធារណៈ​ផងដែរ ក្នុងអំឡុងសន្និសីទ​សារព័ត៌មាន​មួយ ​ដែលនឹង​ត្រូវធ្វើឡើង​នាថ្ងៃព្រហស្បតិ៍នេះ ក្រោម​​អធិបតី​ភាព​ប្រមុខ​ការពារជាតិ​សិង្ហបុរីតែម្តង។

គួរជម្រាបថា យោងតាមសេចក្តីថ្លែងការណ៍​​របស់ក្រសួងការពារជាតិ​សិង្ហបុរី លោក Pang វ័យ ២៨ឆ្នាំ បានទទួលមរណភាព​​នា​វេលាយប់ថ្ងៃពុធ នៅឯ​មន្ទីរពេទ្យ វ៉ៃកាតូ (Waikato) ក្នុងទីក្រុង ហាមីលតុន (Hamilton) ប្រទេសនូវែលសេឡង់។ នៅពេលកើត​ហេតុ​កាលពីថ្ងៃទី​១៩ ខែមករា លោក Pang ដែលមានអាជីព​ជាតារាសម្តែង​ដ៏ល្បីម្នាក់ គឺកំពុងហ្វឹកហាត់​ការងារជួសជុល​​ក្នុង​កាំភ្លើង​ធំ​ ហូវីតហ្សែរ (Howitzer) របស់​​សិង្ហបុរី នៅឯកន្លែង​ហ្វឹកហ្វឺន វ៉ៃអួររុ (Waiouru) នៅនូវែលសេឡង់។

ក្រោយពេល​កើតហេតុ លោក Pang ត្រូវបានគេបញ្ជូនទៅ​កាន់មន្ទីរពេទ្យខាងលើ​ជាបន្ទាន់ និងបានឆ្លងកាត់​​ការវះកាត់ជាច្រើន​ ពោលគឺ​ត្រូវបានក្រុមគ្រូពេទ្យ​នៅនូវែលសេឡង់​ ប្រឹងប្រែងសង្រ្គោះ​ដោយអស់​ពីសមត្ថភាព ប៉ុន្តែទីបំផុត​នៅតែបានទទួល​បរាជ័យ​។​ ក្រសួងការពារជាតិ​សិង្ហបុរីបានបញ្ជាក់ថា យោធាសិង្ហបុរីនឹង​រៀបចំចាត់ចែង​​នាំយក​​សាកសពលោក Pang ត្រឡប់មក​ប្រទេស​កំណើតវិញ៕