(គូឡាឡាំពួ)៖ ​ប្រទេសម៉ាឡេស៊ី​នឹងសម្រេចជ្រើសតាំងព្រះមហាក្សត្រថ្មី ​នៅថ្ងៃព្រហស្បតិ៍​នេះតែម្តង ក្រោយពី​ព្រះ​រាជា​អង្គ​មុនបាន​ប្រកាសដាក់​រាជ្យសម្បត្តិ បន្ទាប់ពីមាន​សេចក្តីរាយការណ៍​ព័ត៌មានថា ទ្រង់បានរៀបអភិសេក​ជាមួយ​អតីត​​បរវកញ្ញា​រុស្ស៊ី​ស្ងាត់​ៗ​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

បន្ទាប់ពី​គ្រងរាជ្យ​​បានរយៈពេល​ត្រឹម ០២ឆ្នាំ ព្រះចៅ ស៊ុលតង់ មូហាំម៉េដ (Sultan Muhammad) ទី ៥ ​បានសម្រេច​ព្រះទ័យ​យាងចុះចេញពី​​រាជ​បល្ល័ង្ក​កាលពី​ថ្ងៃទី០៦ ខែមករា បន្ទាប់ពីមាន​ការលេចចេញ​ព័ត៌មានថា ទ្រង់បានរៀប​អភិសេកជាមួយ​​អតីត​​បរវកញ្ញា​នៃប្រទេស​រុស្ស៊ី​ឈ្មោះ អូកសាណា វឿវូឌីណា (Oksana Voevodina)។ ដំណឹងនេះ​បានបង្កភាព​ភ្ញាក់ផ្អើលនៅទូទាំង​​ម៉ាឡេស៊ី ព្រោះវាគឺជាដាក់​រាជ្យ​លើកទីមួយ​នៅក្នុង​ប្រវត្តិសាស្រ្ត​នៃ​​ប្រទេស​អាស៊ាន​មួយនេះ។

គួរជម្រាបថា ប្រព័ន្ធរាជានិយម​របស់ម៉ាឡេស៊ីមាន​លក្ខណៈពិសេសប្លែក គឺ​តំណែងព្រះមហាក្សត្រ​​​តែងតែ​ត្រូវ​ផ្លាស់ប្តូរ​ជារៀង​រាល់ ០៥ឆ្នាំម្តង រវាង​​​ព្រះចៅ Sultan ប្រចាំរដ្ឋចំនួន ០៩​​នៃប្រទេសម៉ាឡេស៊ី។ ដូច្នេះហើយ​ព្រះរាជាថ្មី​​ដែលនឹង​ត្រូវជ្រើសរើស​​​​ក្នុងថ្ងៃព្រហស្បតិ៍នេះ​​ទំនងជា​​ព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ (Sultan Abdullah) ​ព្រះជន្ម​៥៩​ព្រះវស្សា នៃរដ្ឋផាហាង (Pahang) ព្រោះថាបើគិតពីលំដាប់លំដោយលើក​នេះគឺដល់វេន​រដ្ឋ Pahang ហើយ។

យ៉ាងណាមិញ ក្នុងករណី​ព្រះចៅ Sultan Abdullah ប្រើរាជសិទ្ធិ​បដិសេធមិន​ទទួលយកតំណែង​​ព្រះមហាក្សត្រ ឬក៏ត្រូវ​​ក្រុមប្រឹក្សា​​រាជវង្សម៉ាឡេស៊ីវាយតម្លៃឃើញថា មិនសាកសមនោះ រាជបល្ល័ង្កនឹងត្រូវធ្លាក់​ជាបន្តទៅលើ​​ព្រះចៅ Sultan នៃរដ្ឋចូហ័រ (Johor)។ ​​​​ព្រះ​រាជា​​​ម៉ាឡេស៊ីថ្មី​នឹងត្រូវ​ឡើងគ្រងរាជ្យ​សម្បត្តិជាផ្លូវការ​នៅថ្ងៃទី៣១ ខែមករា នៅក្នុងព្រះរាជពិធីដ៏​ធំសម្បើម​មួយ ដូចរាល់អាណត្តិ៕