(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​នៃសហរដ្ឋអាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា សហរដ្ឋអាមេរិក​​នឹងចាត់វិធានការចំពោះ​​វេណេស៊ុយអេឡា ប្រសិនបើ​ពលរដ្ឋ ឬមួយ​ក៏​មន្ត្រី​ទូតអាមេរិក​ណាម្នាក់រងគ្រោះថ្នាក់ ដោយសារ​តែប្រកាស​បណ្តេញពួកគេ​ចេញ​ពីប្រទេស​អាមេរិកឡាទីន​មួយនេះ​​នៅក្នុងរយៈពេល ៧២ម៉ោង កាលពី​ថ្ងៃពុធ​នោះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

បន្ថែមពីការព្រមាន​ខាងលើនេះ ប្រមុខការទូត​អាមេរិកក៏បាន​បញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក​​មិនជឿជាក់ឡើយថា លោក​ ម៉ាឌូរ៉ូ មាន​ភាពស្រប​ច្បាប់ក្នុងការផ្តាច់​ទំនាក់ទំនង​​ការទូតជាមួយទីក្រុង​វ៉ាស៊ីនតោន ព្រោះ​អាមេរិក​​ធ្លាប់បានប្រកាស​រួចហើយថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន​មិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្រប​ច្បាប់​របស់​វេណេស៊ុយអេឡា​នោះទេ។ ដូច្នេះ​លោក ប៉ុមប៉េអូ បាន​សន្មត់ថា ការបណ្តេញ​ទូត​អាមេរិក​ចេញពីទីក្រុង​ការ៉ាកាស់ គឺជារឿងបុគ្គលរបស់​លោក ម៉ាឌូរ៉ូ ប៉ុណ្ណោះ​​ ដោយ​មិនបានឆ្លុះបញ្ចាំង​ពីជំហរ​រដ្ឋាភិបាល​ស្របច្បាប់​វេណេស៊ុយអេឡា ដែលអាមេរិក​​បាន​ទទួល​ស្គាល់​នោះ​ឡើយ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាស​បណ្តេញមន្ត្រីទូត​ និងកាត់ផ្តាច់ចំណងទាក់ទងនានាជាមួយ​អាមេរិក​បន្ទាប់ពី​រដ្ឋបាល​ទីក្រុងវ៉ាស៊ីនតោន បានប្រកាស​ប្រាប់ពិភពលោកថា ខ្លួនទទួល​ស្គាល់​ប្រធានបក្ស​ប្រឆាំងនៅវេណេស៊ុយអេឡា​លោក ចូអាន ហ្គៃដូ (Juan Guaido) ជា​ប្រធានាធិបតី​ស្របច្បាប់ និង​ចង់ឲ្យមាន​ការបង្កើតរដ្ឋាភិបាល​​អន្តរកាលមួយនៅ​វេណេស៊ុយអេឡា ដែលត្រូវបាន​លោក ម៉ាឌូរ៉ូ ចោទប្រកាន់​ថែមទៀតថា អាមេរិក​​កំពុងបំផុស​ឲ្យមានការធ្វើរដ្ឋប្រហារ​​ទម្លាក់រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ដែលជារដ្ឋាភិបាល​ស្របច្បាប់៕