(វ៉ាស៊ីនតោន)៖ ​ខ្មាន់កាំភ្លើងម្នាក់​បានសម្លាប់ជិវិត​មនុស្ស​០៥នាក់ ក្នុងពេលធ្វើ​សកម្មភាពបាញ់ប្រហារ​នៅក្នុងធនាគារ​មួយកន្លែង ស្ថិតនៅក្នុងរដ្ឋផ្លូរីដាសហរដ្ឋអាមេរិក។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

ហេតុការណ៍ខាង​លើបានកើតឡើង​នៅទីក្រុង សេប្រ៊ីង (Sebring) ភាគកណ្តាលរដ្ឋ​ផ្លូរីដា និងស្ថិតចម្ងាយ ១៤០គីឡូម៉ែត្រ​ភាគខាងត្បូង​​ពី​ទីក្រុង អូរឡេនដូ (Orlando)។ ក្រោយពេល​ធ្វើសកម្មភាពជនសង្ស័យ​ ក៏បានសម្រេចចូលមកឲ្យប៉ូលិសចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរ​បានឡោម​​ព័ទ្ធធនាគារ​​កើតហេតុ។ យ៉ាងណាមិញ​ពុំមានការបញ្ជាក់ច្បាស់ថា ​ក្រៅពីអ្នកស្លាប់ តើមាន​មនុស្សរងរបួសដែរ ឬក៏អត់​នោះឡើយ​។​

គួរជម្រាបថា ជនសង្ស័យខាងលើ​មានឈ្មោះ ហ្សេហ្វិន សាវែរ (Zephen Xaver) អាយុ ២១ឆ្នាំ ខណៈអាជ្ញាធរ​​មិនទាន់អាច​កំណត់​​​បាននៅឡើយទេ ជុំវិញចេតនា​នៅពីក្រោយទង្វើ​របស់​ជននេះ តែ​អភិបាលរដ្ឋ​ផ្លូរីដាលោក រ៉ុន ឌែសាន់ទីស (Ron DeSantis) បានសន្យាថា ជនសង្ស័យនឹង​ត្រូវទទួល​​​ទោសដោយសម​ទៅនឹង​ទង្វើរបស់​ខ្លួន។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ករណីបាញ់ប្រហារ​ស្លាប់មនុស្សជាច្រើនបានកើតមាន​នៅរដ្ឋផ្លូរីដា តួយ៉ាង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៨ ​យុវជនម្នាក់បានបាញ់​សម្លាប់​មនុស្ស ១៧នាក់ នៅវិទ្យាល័យមួយ​កន្លែង​ក្នុងក្រុង ផាកឡេន (Parkland) រីឯនៅខែមិថុនា ឆ្នាំ២០១៦ ខ្មាន់​កាំភ្លើងម្នាក់​បានផ្តាច់ជីវិត​​មនុស្ស ៤៩នាក់ ក្នុងក្លឹបកម្សាន្ត​ពេលរាត្រីមួយ​កន្លែងនៅក្រុង Orlando៕