(ការ៉ាកាស់)៖ ខណៈស្ថានការណ៍​នៅក្នុងប្រទេសកាន់តែមាន​ភាពផុយស្រួយនោះ ​កងទ័ព​វេណេស៊ុយអេឡា ដែលស្ថិតក្រោមការដឹកនាំ​របស់រដ្ឋាភិបាល​​ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចេញមុខ​បង្ហាញការគាំទ្រ និងការពាររដ្ឋាភិបាល​របស់ខ្លួន ប្រឆាំងទៅ​នឹង​​ប្រធាន​បក្សប្រឆាំង​​ដែលត្រូវបានអាមេរិកប្រកាស​ទទួលស្គាល់ ជាប្រធានាធិបតី​វេណេស៊ុយអេឡា ព្រមទាំងការ​អំពាវនាវ​ថែមទៀត ឲ្យក្រុម​បក្សប្រឆាំង​នៅប្រទេសអាមេរិកឡាទីន​មួយ បង្កើតរដ្ឋាភិបាល​អន្តរកាលនោះ។ នេះបើតាម​សារព័ត៌មាន Sputnik ចេញផ្សាយ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

សេចក្តីប្រកាស​ខាងលើនេះ ត្រូវបានធ្វើឡើងដោយ​រដ្ឋមន្ត្រីការពារជាតិ​វេណេស៊ុយអេឡា​លោក វ្ល៉ាឌីមៀ ផាឌ្រីណូ (Vladimir Padrino) នៅថ្ងៃពុធ​សប្តាហ៍នេះ។ ក្នុងនាម​ជាប្រមុខ​កងកម្លាំងយោធា​វេណេស៊ុយអេឡា​លោក ផាឌ្រីណា បានអះអាងថា នឹងការ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេសវេណេស៊ុយអេឡា និងអធិបតេយ្យភាពជាតិ។ ទោះបីជា​លោក​មិនបាន​​បញ្ជាក់​ចំៗ​ឈ្មោះក៏​ដោយ ប៉ុន្តែសារនៅក្នុងបណ្តាញ​សង្គម Twitter របស់លោក​ពេលនេះ​​ត្រូវបានគេ​មើលឃើញថា ជាការសំដៅ​ទៅលើលោក ចូអាន ហ្គៃដូ (Juan Guaido) មេបក្ស​​ប្រឆាំង​វេណេស៊ុយអេឡា ដែលទើបត្រូវបាន​សហរដ្ឋអាមេរិក​ប្រកាសគាំទ្រ​ដោយ​ខុសច្បាប់​ឲ្យធ្វើ​ជាប្រធានាធិបតី​វេណេស៊ុយអេឡា។

គួរបញ្ជាក់ថា រដ្ឋាភិបាល​​វេណេស៊ុយអេឡា​បានចាត់ទុកការទទួល​ស្គាល់លោក Guaido ជាប្រធានាធិបតី​​វេណេស៊ុយអេឡា​នោះ គឺជាទង្វើបំពាន​ធ្ងន់ធ្ងរចំពោះរដ្ឋធម្មនុញ្ញ​នៃប្រទេស ហើយ​ទីក្រុងការ៉ាកាស់បាន​ចោទថា សហរដ្ឋអាមេរិក​​កំពុងតែមានចេតនា​​ធ្វើរដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ស្របច្បាប់ គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច​ថែមទៀតផង។ នៅ​ថ្ងៃពុធ​សប្តាហ៍នេះ​វេណេស៊ុយអេឡា​​បានសម្រេចកាត់ផ្តាច់​ចំណងការទូត និង​នយោបាយ​ទាំងអស់ជាមួយ​អាមេរិក ដោយបានទុក​ពេល ៧២ម៉ោង ឲ្យមន្ត្រីទូតអាមេរិក​​ទាំងអស់​វេចបង្វិច​​ចាកចេញពីប្រទេស​អាមេរិកឡាទីន​មួយនេះ៕