(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកមួយរួប នៃគណបក្សប្រជាធិបតេយ្យ​​​លោក ម៉ាក វ៉ណឺ (Mark Warner) នាថ្ងៃអង្គារ​សប្តាហ៍នេះ​បានបង្ហាញ​សេចក្តីព្រាង​​ច្បាប់​មួយ ដែលមាន​គោលដៅ​បញ្ចៀសកុំឲ្យមាន​ ការបិទទ្វាររដ្ឋាភិបាល​នាពេល​ក្រោយៗ​ទៀត ដែលតែង​តែ​បានធ្វើឲ្យ​ប្រទេសជាតិ​ទាំងមូលខាត​បង់នោះ។ នេះ​បើ​តាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​ពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

សេចក្តីព្រាងច្បាប់​ខាងលើមានឈ្មោះ «Stop STUPIDITY Act ឬបញ្ឈប់ភាពឆ្កួតលីលា» នឹងផ្តល់ថវិកា​ទ្រទ្រង់សាជាថ្មីឡើងវិញ​​ ដោយស្វ័យប្រវត្តិ​ដល់រដ្ឋាភិបាល​អាមេរិក ក្នុងកម្រិតដូច​ទៅនឹង​កញ្ចប់ថវិកា​សម្រាប់ឆ្នាំសារពើពន្ធកន្លងទៅ ប៉ុន្តែ​មិន​រាប់​​បញ្ចូល​​នូវ​​​ស្ថាប័ន​​នីតិ​បញ្ញតិ និងស្ថាប័ននីតិ​ប្រតិបត្តិនៃការិយាល័យ​ប្រធានាធិបតី​ឡើយ។

បើតាម លោក Warner សេចក្តីព្រាង​ច្បាប់ខាងលើនឹងបង្ខំឲ្យសភា​ ព្រមទាំង​សេតវិមាន​អង្គុយ​ចុះចរចាគ្នា ដោយពុំចាំបាច់ត្រូវ​​ធ្វើឲ្យ​សេដ្ឋកិច្ចជួប​ហានិភ័យ ឬក៏បណ្តាលឲ្យ​សាធារណជន​អាមេរិករងគ្រោះ​នោះឡើយ។ ម៉្យាងវិញទៀត ក្រុម​ព្រឹទ្ធសមាជិក​បក្ស​សាធារណរដ្ឋ ដែលដឹកនាំ​ដោយលោក រ៉ុប ផតមែន (Rob Portman) ក៏បានបង្ហាញ​ចេញនូវសេចក្តីព្រាង​ច្បាប់មួយស្រដៀងគ្នា​ផងដែរ ហៅថា End Government Shutdown Act។

គួរជម្រាបថា ប្រមាណជាមួយភាគបួន ​នៃ​រដ្ឋាភិបាល​សហព័ន្ធអាមេរិក​ត្រូវបានបិទទ្វារ​កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដោយ​សារ​​​​បញ្ហា​វិវាទរវាង​សេតវិមាន និងសភាជាតិ ជុំវិញថវិកាជាង ៥ពាន់លានដុល្លារ សម្រាប់ការសាងសង់​ជញ្ជាំងព្រំដែន​អាមេរិក​-ម៉ិចស៊ីកូ ដែលជា​ការទាមទារ​ជាយូរណាស់​មកហើយរបស់​​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ។

ការបិទទ្វាររដ្ឋាភិបាល​​អាមេរិក​ខាងលើ មានរយៈពេល​យូរជាង​​គេបំផុតក្នុងប្រវត្តិសាស្ត្រ គឺបានអូសបន្លាយ​ជាង ៣០ថ្ងៃហើយ ខណៈ​បុគ្គលិក​រដ្ឋ​​ប្រមាណ ៤២០,០០០នាក់​​ត្រូវធ្វើការដោយពុំទទួល​​បានប្រាក់​ឈ្នួល និង​ ៣៨០,០០០នាក់​ត្រូវ​ផ្អាក​ការងារ។​
គួរបញ្ជាក់ថា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្រឹទ្ធសភាអាមេរិក​នឹងធ្វើការបោះឆ្នោត​សម្រេចទៅលើសេចក្តីព្រាង​ថវិកាចំនួនពីរ ដែល​មាន​​គោលដៅបើកទ្វារ​រដ្ឋាភិបាលឡើងវិញ។ ក្នុងនោះមួយ​​រួម​មាន​នូវ​ថវិកា​ ៥.៧ពាន់លានដុល្លារ​​ ដើម្បីសាងសង់​​ជញ្ជាំង​​​​​ព្រំដែន រីឯកញ្ចប់មួយទៀត​នឹង​​​​ឧបត្ថម្ភ​ថវិកា​ដល់​បណ្តា​​ស្ថាប័នរដ្ឋ ដែលប៉ះពាល់ដោយ​ការបិទទ្វារ​រដ្ឋាភិបាល រហូតដល់​ថ្ងៃទី០៨ ខែកុម្ភៈ៕