(ប៉េកាំង)៖ ក្រុមហ៊ុនប្រតិបត្តិការ​​ទូរគមនាគមន៍នានា​នៃទីក្រុង​ប៉េកាំង នឹងរួមគ្នាចំណាយលុយជាង៣០ពាន់លានយាន់ ស្មើនឹង​៤.៤ពាន់លាន​ដុល្លារអាមេរិក ទៅលើការស្ថាបនាបណ្តាញ 5G នៅក្នុងរដ្ឋធានី​នៃប្រទេសចិននេះ ឲ្យបាននៅត្រឹមឆ្នាំ២០២២។ នេះបើតាម​ការ​​​ផែនការអភិវឌ្ឍន៍ 5G នៃទីក្រុងប៉េកាំង ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

បណ្តាញ 5G នេះ នឹងគ្របដណ្តប់លើ​​តំបន់ស្នូលរបស់ទីក្រុង ពោលគឺតំបន់ទាំងឡាយដែលស្ថិតនៅខាងក្នុងវិថីក្រវាត់ទីពីរ រួម​ជាមួយ​មជ្ឈមណ្ឌលផ្សេងៗ​នៅក្នុងសង្កាត់ Tongzhou ព្រមទាំងបណ្តាទីតាំងនិងដងផ្លូវដែលបម្រើមុខងារសំខាន់ៗ។ បច្ចេក​វិទ្យា​​​ 5G នេះក៏នឹងត្រូវអនុវត្តន៍ទៅលើ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗ​ ដូចជា​អាកាសយានដ្ឋានថ្មី និងនាអំឡុង​ព្រឹត្តិ​ការណ៍​​​អូឡាំពិករដូវ​រងា​ឆ្នាំ​២០២២ផងដែរ។

គួរជម្រាបថា បើតាមផែនការខាងលើ ​ទីក្រុងប៉េកាំងដែលជាជម្រកនៃ​ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ​របស់ចិន មានគោលដៅ​​ធ្វើ​ការអភិវឌ្ឍន៍​វិស័យឧស្សាហកម្មទាក់ទងនឹងបណ្តាញ 5G ​របស់ខ្លួន ឲ្យរកចំណូលបានដល់​២០០ពាន់លានយាន់ (ជិត៣០ពាន់​លាន​ដុល្លារអាមេរិក) នៅឆ្នាំ២០២២៕