(បាងកក)៖ នៅទីបំផុតកាល​បរិច្ឆេទជាក់លាក់ នៃការរៀបចំ​ការបោះឆ្នោតជាតិនៅក្នុង​ប្រទេសថៃ ត្រូវបានប្រកាស​ចេញជាផ្លូវការហើយនៅមុននេះបន្តិច ដោយ​គណកម្មការ​រៀបចំការបោះឆ្នោតថៃ ដោយសម្រេចយកថ្ងៃទី២៤ ខែមីនា ខាងមុខនេះជាថ្ងៃបោះឆ្នោត​សកល។ នេះបើតាមការ​​​ដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មាន Nikkei Asia នៅមុននេះ​បន្តិចនាល្ងាច​ថ្ងៃ​ពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

ការប្រកាសអំពីកាលបរិច្ឆេទពិតប្រាកដនេះ ត្រូវបានធ្វើឡើងដោយគណកម្មការរៀបចំ​ការបោះឆ្នោតប្រទេសថៃ បន្ទាប់ពីប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលព្រះរាជក្រឹត្យរបស់​ព្រះមហា​ក្សត្រថៃព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ត្រូវបាន​ចេញផ្សាយ​ដោយក្នុងនោះ​ទ្រង់បានត្រាស់​បង្គាប់ឲ្យមាន ការរៀបចំ​ការបោះឆ្នោត​ជាផ្លូវការនៅ​ក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែពុំបាន​បញ្ជាក់លម្អិត​​អំពីកាលបរិច្ឆេទច្បាស់​លាស់នោះ​ឡើយ ទើបបានធ្វើឲ្យមហាជនថៃ​នៅមានភាពមន្ទិលដដែល។

បន្ទាប់ពីការប្រកាសរាជក្រឹត្យខាងលើនេះ រដ្ឋាភិបាលថៃដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវឲ្យ​គ្រប់បក្ស​នយោបាយ​ទាំងអស់ ចាប់ផ្តើមរៀបចំ​ធ្វើយុទ្ធនាការឃោសនារកសំឡេង​ឆ្នោត​ជាផ្លូវការ ហើយ​រដ្ឋាភិបាលក៏​បានណែនាំផងដែរឲ្យប្រជាពលរដ្ឋ និង​បក្សនយោបាយ​នានារបស់ថៃ ចាប់ផ្តើម​ដំណើរ​ការ​​របស់ខ្លួន​ ប្រកបដោយភាព​ចាស់ទុំផ្នែកនយោបាយ។

គួរជម្រាបថា ការបោះឆ្នោត​សាកលនាឆ្នាំ២០១៩នេះ នឹង​ក្លាយជា​ការបោះឆ្នោត​តាមបែបលទ្ធប្រជាធិបតេយ្យ​លើកដំបូង គិត​​ចាប់តាំងពី​​រដ្ឋាភិបាល​យោធាសព្វថ្ងៃ បានធ្វើរដ្ឋប្រហារ​ទម្លាក់​​​អតីតនាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាល​ពីជិត០៥ឆ្នាំមុន (កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤)៕