(សេអ៊ូល)៖ ទីភ្នាក់ងារ​ឧតុនិយម និងក្រសួង​បរិស្ថាន​កូរ៉េខាងត្បូង​មានគម្រោង​ដឹកនាំការធ្វើតេស្ដបង្កើតភ្លៀង​សិប្បនិម្មិត នៅឯ​តំបន់ដែន​ទឹកភាគខាងលិច​នៃប្រទេស​នៅក្នុងសប្ដាហ៍នេះ ដើម្បីមើល​ពីប្រសិទ្ធិភាពកាត់​បន្ថយធូលី។ នេះបើ​តាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

ភ្លៀងសិប្បនិម្មិត​នឹងត្រូវធ្វើតេស្ដសាកល្បង​នៅថ្ងៃសុក្រសប្ដាហ៍ នៅឯភាគនិរតី​នៃខេត្ត គ្យុងជី (Gyeonggi) និងតំបន់ដែនទឹកនៃឆ្នេរភាគខាងលិច​ប្រទេសដោយប្រើប្រាស់​យន្ដហោះឧតុនិយម​មួយគ្រឿង។ យន្ដហោះនេះ​នឹងបាញ់ចេញ​ម្សៅ iodide ប្រាក់ទៅ ក្នុងបរិយាកាស​ដើម្បីបង្កើតពពក​-ភ្លៀងសិប្បនិម្មិត ក្រោមជំនួយ​ពីប្រព័ន្ធ​ផ្កាយរណប និងរ៉ាដា​ដែលអាចនឹងផ្លាស់ប្ដូរដង់ស៊ីតេ នៃ​កម្ទេចធូលី។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងក៏ត្រូវបាន​គេរាយការណ៍​ផងដែរថា ដឹកនាំប្រតិបត្តិការបង្កើតភ្លៀង​សិប្បនិម្មិត ១៥ដងនៅក្នុង ឆ្នាំ២០១៩នេះ។ ប៉ុន្តែទន្ទឹមគ្នា ប្រសិទ្ធភាព​នៃការកាត់បន្ថយធូលី​ តាមរយៈបច្ចេកទេសនេះ​មិនទាន់ត្រូវបាន​បញ្ជាក់នៅឡើយ ទេ ស្របពេល​រដ្ឋាភិបាលប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន កំពុងចាត់វិធានការ​បន្ថែមកាត់បន្ថយ​ផ្សែង និងធូលី ដោយកាត់​បន្ថយការប្រើប្រាស់​រថយន្ដ​ម៉ាស៊ូត៕