(ស្វីស)៖ ថ្លែងក្នុងវេទិកា​សេដ្ឋកិច្ចពិភពលោក​នៅឯទីក្រុង ដាវូស (Davos) ប្រទេសស្វីស ប្រធានក្រុមហ៊ុន​បច្ចេកវិទ្យា និងទូរគមនាគមន៍​ចិន Huawei លោក លាង ហ័រ (Liang Hua) បាននិយាយថា ក្រុមហ៊ុនលោក​អាច​ធ្វើការផ្ទេរបច្ចេកវិទ្យា​​នៅក្នុងប្រទេសដែលខ្លួនទទួល​បាន​ការស្វាគមន៍ ប៉ុន្តែអាច​នឹងដើរចេញពីប្រទេស​ទាំងឡាយណា ដែលមិនពេញ​ចិត្តនឹងវត្តមាន​របស់ Huawei។ នេះ​បើ​តាម​​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃពុធ ទី២៣ ខែមករា​ ឆ្នាំ២០១៩។​

លោក Liang បានសង្កត់​ធ្ងន់ថា ក្រុមហ៊ុន Huawei កំពុងអនុវត្តន៍​គ្រប់ជំហាន​ទៅតាម​ច្បាប់នៃប្រទេស​ដែលខ្លួនកំពុងធ្វើ​ប្រតិបត្តិ​​ការ ខណៈដែល​ក្រុមហ៊ុននេះ បានស្ថិតក្រោម​ការរិះគន់ធ្ងន់ៗ​ និងការមិនទុកចិត្ត ពីសំណាក់​រដ្ឋាភិបាលប្រទេស​លោក​ខាងលិច ​ដែលមាន​ការព្រួយបារម្ភថា​ ផលិតផលនានា​របស់ Huawei អាចប្រើប្រាស់​ដើម្បីស៊ើបការណ៍​សម្ងាត់ទៅវិញ។

បច្ចុប្បន្ន​​ក្រុមហ៊ុន Huawei កំពុងជាប់បម្រាម​មិនឲ្យ​មានការចុះកិច្ច​សន្យាជាមួយ​រដ្ឋាភិបាល​អាមេរិកឡើយ ដោយសារ​ស្ថាប័ន​​​​ចារកម្មអាមេរិក​មាន​ការសង្ស័យថា ​​ស្ថាបនិក​ Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) អាចមានទំនាក់ទំនង​​ជា​​មួយគណបក្ស​កុម្មុយនិស្ត​ចិន​​។ ​ក្រៅពីនេះក្រុមហ៊ុន​អង់គ្លេស BT ក៏បានបញ្ជាក់​ឲ្យដឹងផងដែរថា ឧបករណ៍​នានា​របស់ Huawei កំពុងត្រូវរើរុះចេញ​​ពី​​ប្រព័ន្ធ​ទំនាក់ទំនង​ ​នៃសេវាសង្រ្គោះបន្ទាន់​​របស់ចក្រភព​អង់គ្លេស។ ម៉្យាងវិញទៀត អាល្លឺម៉ង់​ថែមទាំងកំពុងពិចារណា​​ហាម​ប្រាមការ​ប្រើប្រាស់ប្រព័ន្ធ​​បណ្តាញទូរស័ព្ទចល័ត​ជំនាន់ក្រោយ 5G ​របស់​ក្រុមហ៊ុន Huawei ទៀតផង។

ទោះជា​បែបនេះក្តី Huawei នៅតែអះអាង​ជាដដែលថា ខ្លួនជាក្រុមហ៊ុន​ឯកជនមួយប៉ុណ្ណោះ ដែលពុំមានទំនាក់ទំនង​​ជាមួយ​​រដ្ឋាភិបាលចិននោះទេ។ សេចក្តីប្រកាស​ដែលថា Huawei អាចនឹងដើរចេញ​ពីទីផ្សារលោកខាងលិច​នេះ ធ្វើឡើងចំពេល​មា​សេចក្តីរាយការណ៍​ព័ត៌មានថា សហរដ្ឋអាមេរិក​បាន​បដិសេធ​ចំ​ពោះ​កិច្ចប្រជុំមួយ​ស្តីពីការរៀបចំផែនការ​ពាណិជ្ជកម្ម ​ជាមួយ​ភាគីចិននៅ​សប្តាហ៍នេះ ដោយសារតែ​ភាពខ្វែងគំនិតគ្នា​រវាង​​​ប្រទេសទាំងពីរ ជុំវិញការ​អនុវត្តន៍​ច្បាប់​កម្ម​សិទ្ធិបញ្ញា៕