(វ៉ាស៊ីនតោន)៖ អតីតរដ្ឋ​មន្ត្រីការបរទេស​អាមេរិក​លោក ចន ឃើរី (John Kerry) បាននិយាយថា លោកនឹង​ប្រាប់​ឱ្យលោក ដូណាល់ ត្រាំ ចុះចេញពី​តំណែង បើសិនជា​លោកអាចនិយាយ​ដោយផ្ទាល់​ ជាមួយប្រធានាធិបតី​អាមេរិក​រូបនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

លោក John Kerry ធ្វើការកត់​សម្គាល់បែបនេះ នៅក្នុងបទ​សម្ភាសន៍ជាមួយអ្នក​សារព័ត៌មាននៃ​ស្ថានីយទូរទស្សន៍ CNBC នៅអំឡុងវេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុងទីក្រុង ដាវូស (Davos) ប្រទេសស្វីស នៅថ្ងៃអង្គារ​សប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះ​អតីតប្រមុខការទូតអាមេរិក​រូបនេះ​បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនអាច​លេងល្បែងនេះ​បានទេ... ពីព្រោះគាត់ (លោក ត្រាំ) មិនមាន​ភាពប្រាកដ​ប្រជា ហើយ​គាត់ក៏​មិនមានសមត្ថភាព ធ្វើកិច្ចសន្ទនា​របៀបនេះ​ដែរ។ ប៉ុន្តែបើសិនជា​ខ្ញុំអាចនិយាយជា​មួយគាត់ផ្ទាល់ ខ្ញុំនឹងប្រាប់ឱ្យគាត់ចុះចេញពី​តំណែង»

គួរជម្រាបថា លោក John Kerry ដែលធ្លាប់ជា​អតីតបេក្ខភាព​ប្រធានាធិបតីអាមេរិក​ មកពីបក្សប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០០៤ ក៏ធ្លាប់បានរិះគន់​លោក ដូណាល់​ ត្រាំ ផងដែរ​ចំពោះការសម្រេចចិត្ត​ដកសហរដ្ឋអាមេរិក​ ចេញពីកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ស្ដីពីបម្រែបម្រួលអាកាសធាតុ​កាលពីឆ្នាំ២០១៧ និងបានចោទទៀតថា លោក ត្រាំ បានកុហកប្រជាជន​អាមេរិកពីផល​វិបាក ដែលបង្កឡើង​ដោយការដកខ្លួន​ចេញ​នេះ៕