(បាងកក)៖ ទីបំផុត​ព្រះមហាក្សត្រថៃព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ឲ្យមានការ​​រៀបចំ​​ដំណើរ​ការបោះ​ឆ្នោត​​​​សា​​កល​ជា​ផ្លូវ​​ការ​ នៅក្នុង​ប្រទេសថៃ ខណៈកាល​​បរិច្ឆេទនៃការ​បោះឆ្នោត​ ដែល​បាន​ពន្យារ​ពេល​ជាច្រើនលើកច្រើន​សានេះនឹងត្រូវប្រកាស​ក្នុង​​ពេល​​ឆាប់ៗ​ខាង​មុខផងដែរ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

បន្ទាប់ពីការចេញ​ព្រះរាជក្រឹត្យ​នា​ថ្ងៃពុធនេះ គណៈកម្មការរៀបចំ​ការបោះឆ្នោត​ថៃ មានរយៈពេល ​០៥ថ្ងៃ ដើម្បីកំណត់​​ក៏ដូចជា​ប្រកាសកាល​បរិច្ឆេទ​នៃការ​បោះឆ្នោត។ កន្លងទៅនេះ​រដ្ឋាភិបាលយោធាថៃ​ធ្លាប់បានអះអាងថា ការបោះឆ្នោតនឹង​ប្រព្រឹត្តទៅ​​មិនឲ្យលើសពី​ខែកុម្ភៈឡើយ ប៉ុន្តែការចេញ​ព្រះរាជក្រឹត្យនាថ្ងៃនេះ​​​របស់ព្រះមហាក្សត្រថៃ មានន័យថា ​ថ្ងៃបោះឆ្នោត​ទំនង​​ជា​នឹងត្រូវលើកទៅដល់​យ៉ាងហោចណាស់ក៏​ខែមីនាដែរ។

ថ្មីៗនេះ​ឧបនាយករដ្ឋមន្រ្តី​ថៃ លោក វីស្សានុ គ្រាង៉ាម (Wissanu Krea-ngam) បានលើកឡើងថា ថ្ងៃទី២៤ ខែមីនា ជាថ្ងៃសាកសម​បំផុត ព្រោះវា​​នឹងផ្តល់ពេល​គ្រប់គ្រាន់សម្រាប់ការធ្វើ​យុទ្ធនាការ​បោះឆ្នោត។ យ៉ាងណា​ក៏ដោយ ការបោះឆ្នោត​សាកលនៅប្រទេសថៃ​​ត្រូវគេ​រំពឹងថា​ នឹងប្រព្រឹត្តទៅ​ នៅមុនពិធីឡើង​គ្រងរាជ្យសម្បត្តិជាផ្លូវការ​របស់​ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ​ដែលនឹង​ប្រារព្ធឡើង​​នា​អំឡុងដើមខែឧសភា​។​

គួរជម្រាបថា ការបោះឆ្នោត​សាកលនាឆ្នាំ២០១៩នេះ នឹង​ក្លាយជា​ការបោះឆ្នោត​តាមបែបលទ្ធប្រជាធិបតេយ្យ​លើកដំបូង គិត​​ចាប់តាំងពី​​រដ្ឋាភិបាល​យោធាសព្វថ្ងៃ បានធ្វើរដ្ឋប្រហារ​ទម្លាក់​​​អតីតនាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាល​ពីជិត០៥ឆ្នាំមុន (កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤)៕