(វៀងច័ន្ទ)៖ សារព័ត៌មាន Vientiane Times នៅថ្ងៃពុធនេះ​បាន​រាយការណ៍ថា ប្រទេសឡាវបានសម្រេចចិត្ត «កាត់​បន្ថយពន្ធនាំ​ចូលរហូតដល់សូន្យ» ​លើផលិតផល ៨,៥៣៦មុខ ដែលជាផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែង​ ក្នុងការបង្កើត​តំបន់ពាណិជ្ជកម្ម​សេរី​អាស៊ាន។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

Vientiane Times ផ្អែកលើរបាយការណ៍​របស់ក្រសួង​ផែនការ និងវិនិយោគ បាន​ឱ្យដឹងទៀតថា រដ្ឋាភិបាលឡាវ​នឹងឈប់យក​ពន្ធនាំចូលលើ​ផលិតផល ៨,៥៣៦មុខ ​ពីបណ្ដា​ប្រទេស​​ជាសមាជិកអាស៊ាន។ ទំនិញទាំងនេះ​គឺស្មើនឹង ៨៩ភាគរយ នៃទំនិញ​សរុបដែល​ត្រូវបានដាក់បញ្ចូល​ក្នុងបញ្ជី ដែលឡាវធ្វើពាណិជ្ជកម្ម​ជាមួយនឹងបណ្ដាប្រទេស​ជាសមាជិក​ដទៃទៀត ក្រោមកិច្ច ព្រមព្រៀង​ពាណិជ្ជកម្មអាស៊ាន ឬហៅកាត់ថា ATIGA។

លើសពីនេះទៅទៀត របាយការណ៍នេះដដែល​ក៏បានបញ្ជាក់​ដែរថា ក្រោមកិច្ច​ព្រមព្រៀង ATIGA ឡាវអាចរក្សាពន្ធ​នាំចូលតែទៅលើផលិតផល​មួយចំនួនតែប៉ុណ្ណោះ ពោលគឺផលិតផលទាំងឡាយណាដែល​ត្រូវបានគេមើលឃើញថា មានសារៈសំខាន់សម្រាប់​ស្ថេរភាពសេដ្ឋកិច្ច​ជាតិ។

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន ATIGA ប្រទេសជាសមាជិក​នីមួយៗមានសិទ្ធិបង្កើត​បញ្ជីផលិតផល ដែលត្រូវអាច​រក្សាកម្រិតនៃការយកពន្ធ​នាំចូល សំដៅបង្ការហានិភ័យ​នានា នៃការធ្លាក់​ចុះប្រាក់ចំណូល​នៅក្នុងស្រុក។ ចំណែកឯ ការកាត់​បន្ថយពន្ធ គឺមានគោលដៅជួយដល់​អ្នកផលិត និងពាណិជ្ជករ​នៅក្នុងតំបន់អាច​ចែកចាយ​ផលិតផលរបស់ពួកគេ​កាន់តែ​ច្រើនដោយសេរី ព្រមទាំងកាត់​បន្ថយការចំណាយ​លើការប្រតិបត្តិការ​ពាណិជ្ជកម្ម​ផងដែរ៕