(ប៉េកាំង)៖ ក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិក​នៅតែបន្តជា​ប្រទេសលេខ ១ ដែល​ប្រជាជនចិន​បានបណ្តាក់ទុន​វិនិយោគ​​ក្នុងទំហំទឹក​ប្រាក់​ច្រើនជាងគេបង្អស់​ ទៅលើវិស័យ​អចលនទ្រព្យ ខណៈ​ប្រទេសថៃវិញ​បានជាប់ជាគោលដៅ​ពេញនិយមបំផុត សម្រាប់​អ្នក​ទិញអចលនទ្រព្យចិន។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នារសៀល​ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

​បើតាម​លោកស្រី ខារី ឡរ (Carrie Law) ប្រធានក្រុមហ៊ុន ជូវ៉ៃ (Juwai) ដែលជាវែបសាយ​ដ៏ល្បីនៅឯប្រទេសចិន ​ខាងផ្នែកអចលនទ្រព្យ​បាន​ឲ្យ​ដឹងថា ថៃនឹងបន្តជា​ប្រទេសដ៏ពេញនិយមជាងគេ​ដដែល​នៅក្នុងឆ្នាំ២០១៩នេះ សម្រាប់​ជនជាតិចិន​ដែល​ចង់​ទិញ​អចលន​ទ្រព្យ​។

លោកស្រី Carrie Law បានបន្តទៀតថា ការមានជម្រើស​ច្រើនក្នុងការជ្រើសរើស​តម្លៃ​អចលនទ្រព្យ​​ ព្រមទាំងការអភិវឌ្ឍ​កាន់តែ​ជឿន​លឿន​​នៃ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងប្រទេសថៃ កំពុងធ្វើឲ្យប្រជាជន​ចិនមានទំនុកចិត្តកាន់​តែរឹងមាំ ទៅលើ​សក្តានុពល​​​​សេដ្ឋកិច្ច​របស់ថៃ​ក្នុងរយៈពេលវែង។ ម៉្យាងវិញទៀត​ភាពតានតឹងនៃ​ទំនាក់ទំនង​ពាណិជ្ជកម្មចិន-អាមេរិក ក៏អាចជាកត្តា​ជំរុញ​​ដ៏​សំខាន់ ដែលធ្វើឲ្យ​ប្រជាពលរដ្ឋចិ​ន​​ផ្លាស់ប្តូរចំណាប់​អារម្មណ៍​ ពីសហរដ្ឋអាមេរិក​ទៅលើប្រទេសថៃ​វិញផងដែរ។

ដោយជាប់ចំណាត់​ថ្នាក់ត្រឹមលេខ ៦ ​ប៉ុណ្ណោះនៃ​គោលដៅពេញនិយមជាងគេ កាលឆ្នាំ២០១៦ ថៃបាន​លោត​​ដល់លេខរៀង​ទី​ ៣ នៅឆ្នាំ២០១៧ មុនពេល​ឡើងដល់​លំដាប់កំពូលផុត​គេ​កាលពីឆ្នាំ២០១៨ និងតាមពីក្រោយ​ដោយអូស្រ្តាលី អាមេរិក កាណាដា និង​ចក្រភពអង់គ្លេស។ សម្រាប់ទីក្រុង​ចំនួន ៦ ក្នុងប្រទេសថៃដែលមានការស្វែងរកច្រើន​ជាងគេនៅ​លើវែបសាយ Juwai.com គឺ​រាជធានី​​បាងកក, ក្រុង​ប៉ាតតាយ៉ា (Pattaya), ឈៀងម៉ៃ (Chiange Mai), ភូកេត (Phuket), សាត់តាហ៊ីប (Sattahip), និងសាមុយ (Samui)។

គួរជម្រាបថា បើគិតពីទំហំទឹកប្រាក់សរុប ​នៃការវិនិយោគ​លើវិស័យអចលនទ្រព្យ​នៅក្រៅប្រទេស​របស់ប្រជាជន​ចិនវិញ គឺ​​​​ថៃ​ឈរនៅ​លំដាប់ទី ៣ (២.៣ពាន់លាន​ដុល្លារ​អាមេរិក) រីឯលេខរៀងទី ១ គឺសហរដ្ឋអាមេរិក (៣០.៤ពាន់​លានដុល្លារ​​អាមេរិក), ទី ២ អូស្រ្តាលី (១៤.១ពាន់​​លានដុល្លារ​អាមេរិក), និងទី ៤ ម៉ាឡេស៊ី (២ពាន់លានដុល្លារ​អាមេរិក)៕