(វ៉ាស៊ីនតោន)៖ សភាអាមេរិកគ្រប់គ្រងដោយ​គណបក្សប្រជាធិបតេយ្យ​ បានអនុម័តលើ​សេចក្ដីព្រាងច្បាប់​មួយ ស្ថិតក្នុងគោលដៅ​រារាំងកុំឱ្យ​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិក​ចេញពីអង្គការ​ណាតូ (NATO)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

សេចក្ដីព្រាង​ច្បាប់ខាងលើត្រូវបាន​អនុម័តនៅថ្ងៃអង្គារ​សប្ដាហ៍នេះ ដោយសំឡេង​គាំទ្រ ៣៥៧ ទល់នឹង ២២សំឡេង តែមិនមាន សំឡេង​គាំទ្រណាមួយពីសមាជិកសភា​មកពីគណបក្សសាធារណរដ្ឋ​នោះឡោះយ។ សេចក្ដីព្រាង​ច្បាប់នេះទៀតសោត​នឹងត្រូវបញ្ជូន​បន្តទៅកាន់ព្រឹទ្ធសភា​គ្រប់គ្រងគណបក្ស​សាធារណរដ្ឋ ប៉ុន្តែទន្ទឹមគ្នា​គេទាន់មិនប្រាកដឡើយថា សមាជិកព្រឹទ្ធសភា​យល់ព្រមអនុម័តដែរ ឬយ៉ាងណា​នោះទេ។

គួរបញ្ជាក់ថា កាលពី​សប្ដាហ៍មុន​សារព័ត៌មាន New York Times បានចេញផ្សាយថា លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ បានប្រាប់​ទីប្រឹក្សារបស់លោក​ជាច្រើនដងថា​ លោកចង់ដកសហរដ្ឋអាមេរិក​ចេញពីអង្គការ​ណាតូ បន្ទាប់ពីលោកផ្ទាល់​បានរិះគន់​បណ្ដាប្រទេសជាសមាជិក ជាពិសេស​គឺអាល្លឺម៉ង់ ជុំវិញការចំណាយ​មិនគ្រប់គ្រាន់​ លើកញ្ចប់ថវិកាយោធា​តាមការកំណត់​របស់​ណាតូ៕