(ប៉ារីស) ៖ តារាចម្រៀងជនជាតិ​អាមេរិក​លោក គ្រីស ប្រោន (Chris Brown) ត្រូវបានចាប់ខ្លួន​នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២១ ខែមករា ជាមួយនឹងមនុស្ស​ចំនួន ០២នាក់ផ្សេងទៀត ដោយជាប់សង្ស័យ​ពីបទរំលោភបំពានផ្លូវភេទ។ នេះបើតាម​ប្រភពពី​មន្ត្រីប៉ូលិសបារាំង ចេញផ្សាយដោយសារព័ត៌មាន Channel News Asia ឲ្យដឹងនាព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ។

​លោក Brown រួមជាមួយនឹងអង្គរក្ស​របស់លោក និងមិត្តភក្តិម្នាក់របស់លោក​ត្រូវបានឃុំខ្លួន បន្ទាប់ពីស្ត្រីវ័យ ២៤ឆ្នាំម្នាក់​បានអះអាងប្រាប់សមត្ថកិច្ចបារាំងថា នាងត្រូវបានប្រុសៗ​ចាប់រំលោភ នៅក្នុងបន្ទប់របស់តារាចម្រៀង Brown នាសណ្ឋាគារ មែនដារីន អូរៀនថល (Mandarin Oriental) កាលពីយប់ថ្ងៃទី១៥ ខែមករា។ ស្ត្រីដដែល​នេះ​បានបន្តថា នាងបានជួប​ក្រុមបុរស​ទាំងនេះ នៅឯក្លឹបកម្សាន្តរាត្រីមួយ​នាទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃទី១៥ ខែមករានោះ។

​យ៉ាងណាមិញ លោក Brown និងអង្គរក្ស​ព្រមទាំងមិត្តភក្តិរបស់លោក ភ្លាមៗនេះ មិនអាចសុំការ​បកស្រាយបាន​នោះទេ។ គួររំលឹកថា តារាចម្រៀង Brown ដែលធ្លាប់មាន​បញ្ហាផ្លូវច្បាប់ជាច្រើន ក្នុងនោះរួមទាំង​ករណីចាប់រំលោភ​តារាចម្រៀងស្រី រីហាណា (Rihanna) កាលពីឆ្នាំ២០០៩ផងនោះ បាននឹងកំពុងជាប់​ឃុំខ្លួននៅឡើយ រហូតដល់នៅថ្ងៃអង្គារសប្តាហ៍នេះ​នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

កាលពីឆ្នាំ២០១៦ តារាចម្រៀង Brown ត្រូវបានចាប់ខ្លួន​នៅទីក្រុង Los Angeles បន្ទាប់ពីស្ត្រីម្នាក់​បានបញ្ជាក់ថា លោកបានភ្ជង់កាំភ្លើងលើរូបនាង។ ប៉ុន្តែ​លោក Brown បានបដិសេធ​ក្នុងការប្រព្រឹត្តកំហុសឆ្គង។ ដោយឡែកការដាក់ទោស​ពីបទចាប់រំលោភ នៅក្នុងប្រទេស​បារាំង អាចឲ្យលោកជាប់ពន្ធនាគារ​រយៈពេល ១៥ឆ្នាំ៕