(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឱ្យដឹងថា ទីក្រុងការ៉ាកាស់​នឹងពិចារណា​ឡើងវិញ លើទំនាក់ទំនង​របស់ខ្លួនជាមួយ​ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពី​អនុប្រធានាធិបតី​អាមេរិក​លោក ម៉ៃក៍ ផេន (Mike Pence) បង្ហាញការគាំទ្រឱ្យ​មេដឹកនាំបក្ស​ប្រឆាំង​លោក ចូអាន ហ្គៃដូ (Juan Guaido) បង្កើតរដ្ឋាភិបាលអន្តរកាល​មួយនៅក្នុងប្រទេស​វេណេស៊ុយអេឡា។ នេះបើតាម​​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃអង្គារ​កន្លងទៅ លោក Mike Pence បាននិយាយ​នៅក្នុងវីដេអូ​មួយថា រដ្ឋាភិបាលអាមេរិក​គាំទ្រលើគំនិត​បង្កើត​​ រដ្ឋាភិបាលអន្តរកាល​របស់លោក Guaido ដែលបាន​ចាត់ទុកថា លោក ម៉ាឌូរ៉ូ គឺជាប្រធានាធិបតី​ខុសច្បាប់។ ប៉ុន្តែ​លោក ម៉ាឌូរ៉ូ បានថ្កោលទោស​សហរដ្ឋអាមេរិក​យ៉ាងខ្លាំងហើយថា នឹងពិចារណា​ឡើងវិញលើទំនាក់ទំនង​របស់ខ្លួនជាមួយ ទីក្រុង​វ៉ាស៊ីនតោន។

ប្រធានាធិបតី​វេណេស៊ុយអេឡារូបនេះ បានបញ្ជាក់​នៅក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់​ទូរទស្សន៍រដ្ឋ​យ៉ាងដូច្នេះថា «ខ្ញុំបានបង្គាប់ក្រសួង​ការបរទេស​វេណស៊ុយអេឡាពិនិត្យ​ឡើងវិញ​​លើទំនាក់ទំនងទាំង​ឡាយជាមួយ​សហរដ្ឋអាមេរិក ហើយចាត់វិធានការ​នយោបាយនានា​ជាការឆ្លើយតប ខណៈអនុប្រធានាធិបតីអាមេរិកបានដើរហួស​ព្រំដែន​កំណត់»

គួរជម្រាបថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឡើងស្បថ​កាន់តំណែងជាប្រធានាធិបតី​វេណេស៊ុយអេឡា កាលពី​ថ្ងៃទី១០ ខែមករា កន្លងទៅ សម្រាប់អាណត្តិទី២ របស់លោកដែលនឹងត្រូវបញ្ចប់​នៅឆ្នាំ២០២៥។ ប៉ុន្តែ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​របស់ខ្លួន​ភាគច្រើនមិនបាន​ទទួលស្គាល់ ខណៈគណបក្សប្រឆាំង​វេណេស៊ុយអេឡា​ចាត់ទុកថា ការកាន់អំណាច​របស់​លោក ម៉ាឌូរ៉ូ ផ្ទុយ​ទៅនឹងច្បាប់​រដ្ឋធម្មនុញ្ញ៕