(វ៉ាស៊ីនតោន)៖ កងទ័ពចិនកំពុងតែ​ធ្វើការអភិវឌ្ឍ​យន្តហោះ​ទម្លាក់គ្រាប់បែកស៊េរីថ្មី ដើម្បីប្រើ​ប្រាស់ជំនួស​​យន្តហោះ​​ទម្លាក់​គ្រាប់​បែកចាស់ៗ​របស់ខ្លួន ដែលសល់តាំងពី​សម័យសូវៀត។ នេះបើតាម​ការលើកឡើង ក្នុងរបាយការណ៍​​ស៊ើបការណ៍សម្ងាត់ថ្មី​មួយ​រ​បស់អាមេរិក ដកស្រង់ខ្លឹមសារ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

កន្លងទៅថ្មីៗនេះ ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ផ្នែក​យោធា​ DIA របស់​សហរដ្ឋអាមេរិក បានចេញ​របាយការណ៍​ឲ្យដឹងថា​ កង​ទ័ព​អាកាសចិន​កំពុងអភិវឌ្ឍន៍​យន្តហោះទម្លាក់គ្រាប់បែក​បំបាំងកាយ (ប្រព័ន្ធរ៉ាដា​មិនងាយ​ចាប់បាន) ប្រភេទ​រយៈចម្ងាយ​​ឆ្ងាយ ​និង​មធ្យម​ដើម្បីធ្វើប្រតិបត្តិការ​នៅក្នុងតំបន់ និង​នៅជុំវិញពិភពលោក។

នៅក្នុងសេចក្តីប្រកាសមួយកាលពី​ខែសីហា ឆ្នាំ២០១៨ ស្ថានីយទូរទស្សន៍​ចិន CCTV បានបញ្ជាក់ថា យន្តហោះ​ឈ្មោះ Hong-20 គឺជាយន្តហោះទម្លាក់​គ្រាប់បែក​រយៈចម្ងាយឆ្ងាយ​ស៊េរីថ្មី​របស់ចិន ហើយ​វាប្រហែលជា​អាចធ្វើការហោះហើរ​ជាលើកដំបូង​​ក្នុងឆ្នាំនេះ។ យន្តហោះ H-20 ត្រូវក្រុមអ្នកវិភាគ​ជឿជាក់ថា ​មានសមត្ថភាព និងលក្ខណៈស្រដៀង​ទៅនឹង​យន្តហោះ​ទម្លាក់​គ្រាប់​បែក B-2 Spirit ​របស់ទ័ពអាកាស​អាមេរិក ដែលផលិតឡើង​ដោយ​ក្រុមហ៊ុន Northrop Grumman។

សម្រាប់យន្តហោះ​ទម្លាក់គ្រាប់បែក​មួយទៀត ដែលចិនកំពុងអភិវឌ្ឍន៍ ត្រូវទីភ្នាក់ងារ DIA ពិពណ៌នា​​ថា ជាប្រភេទ​យន្តហោះ​​​ទម្លាក់​គ្រាប់បែក​រយៈចម្ងាយមធ្យម ហើយអាចមាន​រូបរាងស្រដៀងពពួក​យន្តហោះ​ចម្បាំង ប៉ុន្តែមានទំហំធំ ​និងទម្ងន់​ធ្ងន់ជាង។ យន្តហោះ​នេះ​​​​ត្រូវគេដាក់ឈ្មោះ​មិនផ្លូវការឲ្យថា JH-XX។

គួរជម្រាបថា ការអភិវឌ្ឍន៍​យន្តហោះ​ទម្លាក់គ្រាប់បែកថ្មីៗ​ទាំងនេះ​អាចចាត់ទុកថា ជាការបោះជំហានធំ​មួយ​សម្រាប់​ទ័ព​អាកាស​ចិន ដែលសព្វថ្ងៃ​ប្រើយន្តហោះទម្លាក់​គ្រាប់បែក Xian H-6 ដែលសល់តាំង​សម័យសហភាព​សូវៀត ជាយន្តហោះ​ទម្លាក់​គ្រាប់​ស្នូល​របស់ខ្លួន៕