(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភា​អាមេរិកនឹងធ្វើការបោះឆ្នោត​សម្រេច​ទៅលើ​សេចក្តីព្រាងថវិកា​ចំនួនពីរ ក្រោមគោល​បំណង​ព្យាយាម​បញ្ចប់ការបិទទ្វារ​រដ្ឋាភិបាល ដែលបានអូស​បន្លាយជាងមួយខែមក​ហើយ។ នេះបើតាម​ក្រុមព្រឹទ្ធសមាជិកបក្ស​​សាធារណ​រដ្ឋ និងបក្សប្រជាធិបតេយ្យ ដកស្រង់​សម្តីដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

នៅក្រោម​ការព្រមព្រៀងគ្នា​ដែលសម្រេចបានដោយ មេដឹកនាំបក្ស​​​សាធារណរដ្ឋ​​នៃព្រឹទ្ធសភា លោក មីជ ម៉ាខុនណែល (Mitch McConnell) និង​​​មេដឹកនាំបក្ស​ប្រជាធិបតេយ្យ​ក្នុងព្រឹទ្ធសភា លោក ឆាក់ ស្គូមើរ (Chuck Schumer) ​ព្រឹទ្ធសភាអាមេរិកនា​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ នឹង​បោះ​ឆ្នោត​​ជ្រើសរើស​មួយក្នុងចំណោម​សេចក្តីព្រាងថវិកាទាំងពីរ​​ខាងលើ។ ក្នុងនោះមួយ​​រួមមាន​នូវ​ថវិកា​៥.៧ពាន់លានដុល្លារ​​ ដែល​ស្នើឡើង​ដោយ​​​លោក ដូណាល់ ត្រាំ ដើម្បីសាងសង់​ជញ្ជាំង​​​​នៅ​ព្រំដែនភាគខាងត្បូង រីឯមួយទៀត​នឹង​​​ឧបត្ថម្ភ​ថវិកា​ដល់​បណ្តា​ស្ថាប័នរដ្ឋ ដែលប៉ះពាល់ដោយការបិទទ្វាររដ្ឋាភិបាល រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ។

កន្លងមកនេះ ​ក្រុមមន្រ្តីបក្ស​សាធារណរដ្ឋ​ដែល​ឈរនៅខាង​​លោក ដូណាល់ ត្រាំ បានទទូច​ថា​ សេចក្តីព្រាង​ច្បាប់នានា​ដែល​មានគោលដៅ​ បើកទ្វាររដ្ឋាភិបាល​ឡើងវិញ​ត្រូវមាន​បញ្ចូល​នូវ​​ថវិកា​​សម្រាប់​សាងសង់ជញ្ជាំង​ព្រំដែន ខណៈ​​​មន្រ្តី​បក្ស​​ប្រជា​ធិប​តេយ្យ​បានទាមទារម្តង​ហើយម្តង​ទៀតថា សភាគួរតែបើកទ្វារ​រដ្ឋាភិបាល​ជា​មុនសិន ហើយ​បន្ទាប់មក​ចាំភាគីទាំង​ពីរ​​ជជែក​គ្នា​ ​​​​ជុំវិញបញ្ហាសន្តិសុខ​​ព្រំដែន​តាមក្រោយ។

គួរជម្រាបថា មកទល់ពេល​នេះ ការបិទទ្វាររដ្ឋាភិបាល​អាមេរិក​ខាងលើ មានរយៈពេល​យូរជាង​គេបំផុតក្នុងប្រវត្តិសាស្ត្រ គឺបានចូលដល់​ថ្ងៃទី​៣២​​ហើយ ខណៈ​បុគ្គលិក​រដ្ឋ​ប្រមាណ ៤២០,០០០នាក់​​ត្រូវធ្វើការដោយពុំទទួល​បានប្រាក់​ឈ្នួល និង​ ៣៨០,០០០នាក់​ត្រូវ​ផ្អាក​ការងារ៕