(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធានៃប្រទេសអ៊ីស្រាអែល​បានសម្រេចជោគជ័យ​ ក្នុងការសាកល្បងធ្វើតេស្តទៅលើ​ប្រព័ន្ធ​​ប្រឆាំង​មីស៊ីល​ផ្លោង​ហៅថា Arrow 3 ​​ដែលជាស្នាដៃអភិវឌ្ឍន៍​និងផលិតរួមគ្នា​ជាមួយសហរដ្ឋអាមេរិក៕

២៖ ​ប្រទេសតួកគីកំពុងរៀបចំបើកការស៊ើបអង្កេត​ជាលក្ខណៈអន្តរជាតិ​ ​ជុំវិញករណីឃាតកម្ម​លើ​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ី​សាអូឌីត លោក Jamal Khashoggi ហើយនឹងចាត់វិធានការជាបន្តបន្ទាប់ទៀត​ ក្នុងប៉ុន្មានថ្ងៃខាងមុខ៕

៣៖ សំណើជាថ្មី​ទៀតក្នុងការសុំធានា​ឲ្យអតីតនាយក​ក្រុមហ៊ុន Nissan ឲ្យនៅក្រៅ​ឃុំ​នោះ ត្រូវបានតុលាការ​សង្កាត់​នៃទីក្រុងតូក្យូបដិសេធហើយ ក្រោយពី​​សហប្រធាន​​រូបនេះ​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោម​បទចោទ​​ប្រកាន់រឿង​កឹបកេង​​ និងក្លែងបន្លំហិរញ្ញ​វត្ថុ​ក្រុមហ៊ុន​យក្សជប៉ុន​មួយនេះ ចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ៕

៤៖ ​កងកម្លាំងសន្តិសុខសរុប ២៧នាក់ ត្រូវបាន​ចាប់ខ្លួនបន្ទាប់ពីពួកគេ​បានចូល​រួមក្នុងចលនាតវ៉ាមួយនៅក្នុងរដ្ឋធានី​ការ៉ាកាស់ ដែលត្រូវបាន​រដ្ឋាភិបាល​អះអាងថា ជាចេតនា​ប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង៕

៥៖ អាកាសយានិក ០២នាក់បានស្លាប់ បន្ទាប់ពី​យន្តហោះ​ដែលពួកបញ្ជាប្រភេទ DC-3 បានធ្លាក់ភ្លាមៗ​បន្ទាប់ពីទើបហោះ​ឡើងបានបន្តិច នៅក្នុងរដ្ឋអូហៃយ៉ូ (Ohio) នៃ​សហរដ្ឋអាមេរិក៕

៦៖ នៅទីបំផុត​​ជំនួបពិភាក្សាគ្នារវាង​ប្រធានាធិបតីរុស្ស៊ី​​លោក វ្ល៉ាឌីមៀ ពូទីន និងនាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ បានចាប់ផ្តើម​ប្រព្រឹត្តទៅហើយ​នៅក្នុង​រដ្ឋធានីម៉ូស្គូ នាថ្ងៃអង្គារនេះ ដើម្បី​ស្វែងរកដំណោះ​ស្រាយសមស្រប​មួយ ទៅលើជម្លោះប្រជុំកោះ ឃើរៀល (Kuril Islands) ដែល​ជប៉ុន​ និងរុស្ស៊ី​សុទ្ធតែអះអាង​កម្មសិទ្ធិដូចៗគ្នា។