(អ៊ីស្រាអែល)៖ យោធានៃប្រទេសអ៊ីស្រាអែល​បានសម្រេចជោគជ័យ​ ក្នុងការសាកល្បងធ្វើតេស្តទៅលើ​ប្រព័ន្ធ​​ប្រឆាំង​មីស៊ីល​ផ្លោង​ហៅថា Arrow 3 ​​ដែលជាស្នាដៃអភិវឌ្ឍន៍​និងផលិតរួមគ្នា​ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ីស្រាអែល ​ក្នុងអំឡុង​នៃការធ្វើតេស្ត គ្រាប់មីស៊ីលនៃប្រព័ន្ធ Arrow 3 ​ដែលរចនាឡើង​ដើម្បីស្ទាក់កម្ទេច​​​​មីស៊ីលផ្លោងប្រភេទ ICBM ត្រូវបាន​បាញ់ទៅ​ចំគោលដៅតាមការគ្រោងទុកឥតខុស។ ​ភាព​ជោគជ័យ​​នេះ គឺជាការផ្តល់ទំនុកចិត្តកាន់តែរឹងមាំថែមទៀត​ នៅក្នុងសមត្ថភាព​របស់ប្រទេសអ៊ីស្រាអែល ក្នុងការការពារខ្លួនពី​ការ​គំរាម​កំហែង​នានានៅក្នុងតំបន់។

គួរជម្រាបថា ប្រព័ន្ធ Arrow ឬ Hetz ស្ថិតក្នុងចំណោម​នៃ​ក្រុមប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង ដែលរចនាឡើងដើម្បីបំពេញ​តម្រូវ​​ការ​របស់អ៊ីស្រាអែល ដែលស្នើចង់បាន​ប្រព័ន្ធការពារមីស៊ីលដ៏មានអានុភាពមួយ ដែលនឹង​មានប្រសិទ្ធភាព​ទប់ទល់​ជា​មួយ​មីស៊ីល​ផ្លោង​​ ជា​ងប្រព័ន្ធ MIM-104 Patriot ហើយប្រព័ន្ធ Arrow នេះថែមទាំងអាចស្ទាក់មីស៊ីលផ្លោង​ក្នុងលំហអវកាស​ ពោលគឺ​នៅ​​ពេល​វាមិនទាន់ចូលមកក្នុងបរិយាកាសផែនដីវិញបាន​ទៀត​ផង៕