(គែរ)៖ ជនសកម្មប្រយុទ្ធយ៉ាងតិច៥៩នាក់បានស្លាប់ ក្នុងការប្រយុទ្ធគ្នានាអំឡុងប៉ុន្មានថ្ងៃកន្លងទៅនេះ នៅឯឧបទ្វីប​ស៊ីណៃ​​​នៃ​ប្រទេសអេហ្ស៊ីប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

អ្នកនាំពាក្យយោធាអេហ្ស៊ីបបានឲ្យដឹងថា ក្នុងអំឡុង​ប្រតិបត្តិការប្រឆាំង​អំពើភេរវកម្ម​នៅឧបទ្វីបស៊ីណៃ​ថ្មីៗនេះ ​កងកម្លាំងរក្សា​សន្តិ​សុខ​ជាតិ​​បាន​ផ្តាច់​ជីវិត​​​ភេរវករប្រមាណ៥៩នាក់ ដែលមានផ្ទុកនូវគ្រឿងផ្ទុះនិងអាវុធផ្សេងៗ។យ៉ាងណាមិញ ការ​ប្រយុទ្ធ​​គ្នា​​​នេះ​​​បានបណ្តាលឲ្យ​កងទ័ព​៧នាក់បាត់បង់ជីវិត។ ក្រៅពីនេះ យានយន្ត​ចំនួន៥៦គ្រឿង ឃ្លាំងស្តុកអាវុធ២កន្លែង និងគ្រឿង​ផ្ទុះ​​​​​​២៤២គ្រាប់​របស់ក្រុមសកម្មប្រយុទ្ធទាំងនោះ ក៏ត្រូវបានបំផ្លាញចោលផងដែរ។

គួរជម្រាបថា ​​អេហ្ស៊ីប​បាននិងកំពុងតស៊ូប្រយុទ្ធប្រឆាំង​ជាក្រុមភេរវករ បន្ទាប់ពី​​​​​អតីត​ប្រធានាធិបតី លោក Mohamed Morsi បានធ្លាក់ពីអំណាចកាលពីឆ្នាំ២០១៣ ដោយសារតែការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងការដឹកនាំរបស់លោក។ ឧបទ្វីប​ស៊ីណៃនេះ គឺជាសំបុករបស់ក្រុមភេរវករនៅក្នុងប្រទេសអេហ្ស៊ីប ខណៈ​តាំងពី​យុទ្ធនាការប្រឆាំងភេរវកម្មនៅស៊ីណៃ​​បាន​ចាប់ផ្តើម​កាលពីខែកុម្ភៈ ឆ្នាំ២០១៨មក ជនសកម្មប្រយុទ្ធ​​ជាង​៨០០នាក់ និង​កងទ័ពអេហ្ស៊ីប​ជាង៣០នាក់​​បានបាត់បង់ជីវិត​៕