(តេហេរ៉ង់)៖ អ្នកជំនាញ​​យុទ្ធសាស្ត្រ​នយោបាយ​មួយរូប មកពី​សាកល​វិទ្យាល័យ Azad បានប្រាប់​​សារព័ត៌មាន​រុស្ស៊ីថា រដ្ឋបាលប្រធានាធិបតី​អាមេរិកលោក ដូណាល់​ ត្រាំ ទោះបី​ជាចង់វាយប្រហារ​លើរបបដឹកនាំអ៊ីរ៉ង់ខ្លាំង​យ៉ាងណាក៏ដោយ ក៏​អាមេរិកមិនអាចធ្វើការ​វាយប្រហារ​​ដោយចំពោះ​មុខ ឬត្រង់ៗនោះ​ដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នារសៀល​ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

អ្នកជំនាញអន្តរជាតិ​ខាងលើគឺលោក ម៉ូចតាបា ចេឡាល់ហ្សាដេហ៍ (Mojtaba Jelalzadeh) បានធ្វើការអះអាង​ដូច្នេះ ក៏ព្រោះ​តែលោក​មើលឃើញថា ប្រទេសអ៊ីរ៉ង់​បច្ចុប្បន្ន​មានការ​ត្រៀម​ខ្លួនរួចរាល់​សម្រាប់​សង្គ្រាម​គ្រប់​ពេលវេលា ដោយមិនត្រឹមតែជាមួយអាមេរិក​នោះឡើយ ប៉ុន្តែ​បណ្តា​ប្រទេស​ជិតខាងមួយ​ចំនួនទៀត គឺ​ជាក្តីបារម្ភធំបំផុត​​សម្រាប់សន្តិសុខ​អ៊ីរ៉ង់។ វាជាការ​ឆ្លើយតប​មួយទៅនឹង​របាយការណ៍​បែកធ្លាយ​ដែលថា​​ សហរដ្ឋអាមេរិកជាអ្នកស្ថិត​នៅពីក្រោយ​​អ៊ីស្រាអែល ក្នុងការ​វាយប្រហារមូលដ្ឋានទ័ព​អ៊ីរ៉ង់ក្នុងទឹកដី​ស៊ីរី កាលពី​ដើមខែមករា ដែលទីភ្នាក់​សន្តិសុខជាតិ​អាមេរិក រៀបចំឡើងដើម្បីសងសឹកអ៊ីរ៉ង់។

លោក Jelalzadeh បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «ក្នុងនាមជារដ្ឋឯករាជ្យ​មួយដែល​មានស្ថិរភាព និង​យោធានោះ ប្រទេសអ៊ីរ៉ង់​មានសមត្ថភាពផ្ទាល់ខ្លួន​យ៉ាងពិតប្រាកដ...។ អ៊ីរ៉ង់​បានសម្រេច​ចេញរួចទៅហើយ​នូវផែនការ និងយុទ្ធសាស្ត្រ​ការពារជាតិ...។ វាជារឿង​ខុសទាំងស្រុង​ដែល​និយាយថា អ៊ីរ៉ង់​នឹងមិនអាច​ទប់ទល់​ចំពោះការវាយប្រហារ​​ណាមួយ​នោះ...។ ទោះបីជា​បែបនេះក្តី វាក៏មិនមែន​មានន័យថា អ៊ីរ៉ង់នឹងទទួល​បានជោគជ័យ​​ដោយ​ងាយៗនៅគ្រប់សង្គ្រាម​នោះដែរ»

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់​ដែលជាសម្ព័ន្ធមិត្ត​របស់រុស្ស៊ី បានក្លាយជា​បន្លាធំឡើងវិញ​​នៅក្នុង​ក្រសែភ្នែករដ្ឋាភិបាល​អាមេរិក​ដែលដឹកនាំដោយលោក ដូណាល់ ត្រាំ។ ចាប់តាំងពី​ការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ រដ្ឋបាល​លោក ដូណាល់ ត្រាំ បានចាប់ផ្តើមបង្កើន​ទណ្ឌកម្ម និងសម្ពាធជាបន្តបន្ទាប់ឡើងវិញ លើរដ្ឋាភិបាលអ៊ីរ៉ង់ក្រោម​លេសថា ប្រទេសអ៊ីស្លាមមួយនេះ​នៅតែលួច​ផលិតនុយក្លេអ៊ែរ​ដោយសម្ងាត់ និងបានលូកដៃ​ចូលបញ្ហាស៊ីរី​ជាដើម៕