(អូទ្រីស)៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហាធៀ មហាំម៉ាត់ បានកត់​សម្គាល់ថា ករណីអំពើពុករលួយ​មានការកើនឡើង​នៅក្នុងប្រទេស​ម៉ាឡេស៊ី គឺដោយសារតែ​មនុស្សនាំគ្នាលែងខ្លាច​ពីការរាយការណ៍ អំ​ពីការប្រព្រឹត្តអំពើរលួយ​របស់​ពួកគេ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

ថ្លែងពីបទ​ពិសោធន៍របស់​ម៉ាឡេស៊ីក្នុងការប្រយុទ្ធប្រឆាំង​នឹងអំពើពុករលួយ​ នៅឯវេទិកាអន្តរជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុក​រលួយ លោក មហាធៀ ក៏បាន​អះអាងដែរថា រដ្ឋាភិបាលរបស់​លោកបានផ្ដល់ឱ្យ​ប្រជាជន​ម៉ាឡេស៊ី ដែលរាយការណ៍ថា ​ករណីពុករលួយ​​នូវការការពារ​សុវត្ថិភាព​បន្ថែម។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីវ័យ ៩៣ឆ្នាំរូបនេះ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ករណី នៃអំពើពុករលួយមានការកើនឡើង​នៅក្នុងប្រទេស​ម៉ាឡេស៊ី គឺដោយសារ​តែមនុស្សនាំគ្នា​លែងខ្លាចពីការ​រាយការណ៍ពី ការប្រព្រឹត្តអំពើ​រលួយរបស់ពួកគេ... អំពើពុករលួយមាន​ពីរប្រភេទ គឺ​ពុករលួយលើតុ និងពុករលួយ​នៅ​ក្រោម»។

លោក​បន្ថែមថា នៅពេលប្រទេសមួយមានអំពើពុករលួយនៅលើតុ​នោះមានន័យថា ប្រជាជន​ប្រទេសនោះមាន​ឆន្ទៈប្រព្រឹត្ត​អំពើពុករលួយលើ​សេវាកម្ម​ ដែលផ្ដល់ដោយ​រដ្ឋាភិបាល ហើយទង្វើបែបនេះ​នឹងក្លាយជាទម្លាប់​ ដែលពិបាកក្នុង​ការ​បង្រ្កាប។

ដោយឡែក នៅពេលប្រទេសមួយអំពើពុក​រលួយនៅក្រោមតុវិញ​នោះគឺមានន័យថា គេមានសង្ឃឹម​ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងអំពើពុករលួយ ពីព្រោះប្រជាជន​មិនមានឆន្ទៈស៊ីសំណូក ឬឱ្យសំណូកឡើយ តែភាគច្រើនពួក​គេទទួលរង​ការបង្ខិតបង្ខំ ឱ្យប្រព្រឹត្តអំពើ​ពុករលួយតែ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមលោក មហាធៀ មហំាម៉ាត់ ក្នុងចំណោមកិច្ចខិតខំ​ប្រឹងប្រែងនៃរដ្ឋាភិបាល​របស់លោក ដើម្បីប្រយុទ្ធ ប្រឆាំងនឹងអំពើ​ពុករលួយក្នុងនោះ​មានការតម្រូវឱ្យរដ្ឋមន្ត្រី​ទាំងអស់ រួមទាំងលោក​ផ្ទាល់ត្រូវប្រកាសពីទ្រព្យសម្បត្តិ​ដែលខ្លួន មានប្រាប់​គណៈកម្មាការប្រឆាំងអំពើពុក​រលួយម៉ាឡេស៊ី (MACC)៕