(វ៉ាស៊ីនតោន)៖ អាកាសយានិក ០២នាក់បានស្លាប់ បន្ទាប់ពី​យន្តហោះ​ដែលពួកបញ្ជាប្រភេទ DC-3 បានធ្លាក់ភ្លាមៗ​បន្ទាប់ពីទើបហោះ​ឡើងបានបន្តិច នៅក្នុងរដ្ឋអូហៃយ៉ូ (Ohio) នៃ​សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

ហេតុការណ៍​ខាងលើនេះ បានកើតមានឡើង​កាលពីព្រឹកថ្ងៃចន្ទ សប្តាហ៍នេះ (ពេលវេលា​នៅទីក្រុង​វ៉ាស៊ីនតោន) ដោយយន្តហោះខ្នាត​តូចមួយគ្រឿងខាង​លើនេះ បានធ្លាក់​ទៅលើ​ទីវាលព្រិល​ចម្ងាយ ៩៦គីឡូម៉េត្រ ពីភាគខាងត្បូង​ទីក្រុង ក្លេវឡេនដ៍ (Cleveland) នៃរដ្ឋ Ohio ដោយសារ​តែវាបានជួប​បញ្ហាម៉ាស៊ីន។ ពុំមាន​សេចក្តីរាយការណ៍ថា នៅលើ​​យន្តហោះ​នោះ មានមនុស្ស​ជិះប៉ុន្មាននាក់ឲ្យប្រាកដ​នោះឡើយ។

គួរបញ្ជាក់ថា បើតាមមន្ត្រី​ប៉ូលិសជំនាញនៃទីក្រុង​ខាងលើនេះ យន្តហោះ​ខ្នាតតូច Douglas DC-3 ត្រូវបានផលិត​ឡើងតាំងតែ​ពីឆ្នាំ១៩៤៣ មកម្ល៉េះ ខណៈម៉ូដែល​​ប្រភេទនេះ​​ត្រូវបាន​ដាក់ឲ្យ​ចរាចរណ៍នៅលើ​ទីផ្សារកាលពី​ឆ្នាំ១៩៣៥។ យន្តហោះ​នេះ​ត្រូវបាន​ចាត់ទុកជា​ម៉ូដែល​ល្បីឈ្មោះ​មួយ ដែលរាប់ពាន់គ្រឿង​​កំពុងត្រូវបានប្រើប្រាស់​​នៅទូទាំង​​សកលលោក​រហូតមក​ទល់នឹង​បច្ចុប្បន្ន និងភាគច្រើនជារបស់ឯកជន៕