(ហារ៉ារ៉េ)៖ ប្រធានាធិបតី​ហ្ស៊ីមបាវេ​លោក អេមមែសុន ម៉ាណាងហ្គាវ៉ា (Emmerson Mnangagwa) បានត្រឡប់មក​ដល់​មាតុប្រទេសរបស់​លោកវិញហើយ ក្រោយពីការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ស្ងប់ស្ងាត់ ប៉ុន្តែសេដ្ឋកិច្ច​ប្រទេសអាហ្វ្រិក​ខាងត្បូងមួយនេះវិញ ត្រូវបានគេ​មើលឃើញថា កំពុងដាំក្បាល​ចុះយ៉ាងគំហុកដោយសារ​ការឡើងថ្លៃទំនិញ និងប្រេងឥន្ធនៈជាដើម។ នេះបើ​តាមការចេញផ្សាយ​​ដោយកាសែត វ៉ាស៊ីនតោន​ប៉ុស្តិ៍ នារសៀល​ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

ការធ្វើដំណើរមកដល់ប្រទេសវិញរបស់លោក Mnanagawa ត្រូវបានទទួលស្វាគមន៍​ដោយ​លោក​អនុប្រធានាធិបតីហ្ស៊ីមបាវេ ខុនស្តិនទីណូ ឈីវែងហ្គា (Constantino Chiwenga) ដែល​បានកាន់តំណែង​​ជាប្រធានាធិបតីស្តីទី ក្រោយលោកប្រធានាធិបតី​បានអវត្តមាន​រាប់សប្តាហ៍ ដោយសារការផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាល​ជុំវិញវិបត្តិសេដ្ឋកិច្ច និងការបង្ក្រាបបាតុកម្ម​ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល ដែលបានបណ្តាល​ឲ្យ​មនុស្ស ១២នាក់ស្លាប់ និងជាច្រើន​នាក់ទៀតរងរបួស។

គួរបញ្ជាក់ថា អំឡុងពេលនៃការអវត្តមានខាងលើនេះ លោកប្រធានាធិបតី Mnangawa បានធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន ដែលលោក​ផ្ទាល់​បានអះអាងថា ជាការនាំមកនូវផ្លែផ្កាដល់ប្រទេសហ្ស៊ីមបាវេ នៅក្នុងរយៈពេលយូរអង្វែងទៅមុខ។ សារព័ត៌មានខាងលើ​បានបញ្ជាក់ថា លោក Mnangawa បានជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន និងស្នើសុំ​ខ្ចីប្រាក់ថែមទៀតផង៕