(ការ៉ាកាស់)៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងសង្កាត់ ឡូស ម៉ាសេដូរ៉ែស (Los Mecedores) នៃរដ្ឋធានីការ៉ាកាស់ របស់ប្រទេសវេណេស៊ុយអេឡា ដោយមានការការប្រើប្រាស់​អំពើ​ហិង្សា ពីសំណាក់ក្រុមមន្ត្រីប៉ូលិស និងការបាញ់រះទៅ​លើអគារនានា​​នៅតាមដងផ្លូវតែម្តង ដើម្បី​សម្តែ​ងការប្រឆាំងរបស់ពួកគេ​ចំពោះរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

សារព័ត៌មាន​រដ្ឋវេណេស៊ុយអេឡាត្រូវបាន​គេដកស្រង់ការផ្សាយថា មន្ត្រីប៉ូលិស​ជាច្រើន​នាក់​បានប្រមូលផ្តុំគ្នាតវ៉ា និងបានប្រើប្រាស់កាំភ្លើង​បាញ់រះទៅលើអគារនានានៅតាមដងផ្លូវ អំឡុងពេលដែលពួកគេធ្វើសកម្មភាពតវ៉ានោះទៀតផង។ ក្រុមអ្នកតវ៉ាទាំងអស់នេះ​មានដូចជា កងកម្លាំង​ប៉ូលិស និងជនស៊ីវិលមួយចំនួនផងដែរ ដោយមានទាំងការបាញ់កាំភ្លើង គប់ដុំថ្ម និង​ដុតកង់ឡាន​នៅតាមសង្កាត់ធំៗដូចជា Los Mecedores, ភឿតា ការ៉ាកាស់ (Puerta Caracas) និងតំបន់​កូទីសា (Cotiza) ស្ថិតនៅជាយរដ្ឋធានី។

គួរបញ្ជាក់ថា ការតវ៉ា​បានផ្ទុះ​ឡើងនៅថ្ងៃចន្ទ​សប្តាហ៍នេះ (ពេលវេលា​​នៅអាមេរិក​ខាងត្បូង) ខណៈស្ថានការណ៍​ជារួម មិនទាន់មានការពន្យល់ឲ្យ​លម្អិតនោះ​ឡើយថា តើ​កត្តាចម្បងអ្វី​ទើបឈាន​ទៅរកការងើបឡើងតវ៉ា ពីសំណាក់​ក្រុមមន្ត្រីប៉ូលិស​ខាងលើនេះ៕