(បាងកក)៖ នៅ​ពេល​​ដែល​មន្រ្តី​ថៃ​​លើកឡើងថា ​ការបោះឆ្នោត​ដើម្បី​បញ្ចប់​របប​​គ្រប់គ្រង​យោធា​និយម​​នឹងត្រូវពន្យារពេល​ជាលើកទី ៥ ក្នុងរយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​កន្លង​មក​នេះ កំហឹង និង​ភាព​មិនសប្បាយចិត្ត​បាន​កើតឡើងទូទាំង​​ផ្ទៃ​ប្រទេស។

ពាក្យថា #delaymyass ត្រូវ​​មនុស្ស​ពេញ​​និយម​ប្រើប្រាស់​​ជា​ខ្លាំង​ នៅ​លើ​បណ្តាញ​សង្គម Twitter ក្នុង​ប្រទេស​ថៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ ស្រប​ដែល​កើតមាន​នូវ​ការ​បះបោរ​កើត​មាន​ឡើង ​ដែល​បង្ហាញពីការប្រឆាំងយ៉ាងខ្លាំងក្លា ខណៈ​ដែល​អ្នក​តស៊ូ​មតិ​មួយ​ចំនួន​ត្រូវ​បាន​គេ​កាត់​ទោស និង​ប្រឈមមុខនឹងការ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ។

ការ​បោះឆ្នោត​ដែល​គ្រោង​នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ឆាប់ៗ​នេះ នឹង​ត្រូវ​បាន​ពន្យា​ជា​ថ្មី​ទៅ​ថ្ងៃ​ទី​២៤ ខែ​មីនា នេះ​បើ​យោងតាម​ការ​លើក​​ឡើង​របស់​លោក វីស្សានុ គ្រាងាំ (Wissanu Krea-ngam) ឧបនាយករដ្ឋមន្ត្រីថៃ ដែល​បានអះអាងថា ការ​បោះឆ្នោត ក្នុង​ខែ​កុម្ភៈនឹងរារាំង​ផែនការ​​រៀបចំ​ រាជពិធី​គ្រង​រាជ្យ​ថ្មី​របស់​ព្រះមហាក្សត្រ។ ការ​ពិត​​ទៅ​នៅ​ប្រទេសថៃ ​ព្រះ​មហាក្សត្រ​ត្រូវ​បាន​គេ​គោរព​ជា​ខ្លាំង​ ប៉ុន្តែ​ពួក​សកម្មជន​បាន​ចោទ​ប្រកាន់​ថា របប​យោធា​​កំពុង​ប្រើប្រាស់​​បញ្ហា​ឡើងគ្រងរាជ្យស្តេចថ្មី ដើម្បី​មក​ពន្យា​រពេល​ការ​បោះឆ្នោត។

លោក ណេធីវីត ចូទីផាត់ផៃសាល់ (Netiwit Chotiphatphaisal) វ័យ ២១ឆ្នាំ ជាសកម្មជន​និស្សិតម្នាក់បានប្រាប់​​ភ្នាក់ងារ​សារព័ត៌មាន​ CNN ថា «ពួកយោធា​កំពុងលេងល្បែង​នយោបាយ។ ប្រសិនបើការបោះឆ្នោត​​គ្រាន់​តែ​ជា​ល្បិចកល បោក​ប្រាស់​​បំភ័ន្ត​ភ្នែក​ នោះ​ប្រជាពលរដ្ឋ​ថៃ នឹង​ងើប​បះបោរ​​ប្រឆាំង​មិនទទួល​យក​លទ្ធផល​ជា​​ដាច់​ខាត។ យើង​សង្កេត​ឃើញ​ថា មុន​​ការ​ធ្វើ​រដ្ឋ​ប្រហា​រ​ឆ្នាំ​២០១៤​ កន្លង​ទៅនេះ ការ​តវ៉ា​តាម​ផ្លូវ និងអំពើ​ហិង្សារវាង​គូ​ប្រជែង​បក្ស​នយោបាយ​បានកើតឡើងជា​រឿយ​ៗ។ ជាក់​ស្តែង​​ការប៉ះទង្គិច​គ្នា​ដ៏ធំមួយ​ក្នុងឆ្នាំ២០១០ បណ្តាល​ឱ្យ​​​មានភាព​ច្របូកច្របល់​ក្នុង​​រាជធានី​បាងកក ការបង្ក្រាប​បាតុករបណ្តាល​ឱ្យមនុស្សស្លាប់ ៩០​នាក់ និង​ជាង​​ ២,០០០​នាក់​រង​របួសជាដើម»

យ៉ាង​នេះក្តី របប​ដឹកនាំ​​យោធា​និយម នឹង​បោសសម្អាត​រាល់​​ចលនា​បះបោរ​កុំ​ឱ្យ​កើត​មាន​​ជា​ថ្មី​ម្តងទៀត មិន​តែ​ប៉ុណ្ណោះ​មេបញ្ជាការកងទ័ព​​ថៃ លោក អាភីរ៉ាត់ គង់សំផុង (Apirat Kongsompong) ដែលត្រូវបានតែងតាំង​​កាល​ពី​ខែកញ្ញា ​កន្លង​ទៅនេះ បានព្រមាន​​ក្រុម​អ្នក​គាំទ្រលទ្ធិប្រជាធិបតេយ្យ​កាលពីថ្ងៃពុធ​កន្លង​​ទៅនេះ​ថា «កុំ​ធ្វើ​អ្វី​លើស​​ព្រំដែន​»។ ​នេះ​បើយោង​តាម​សេចក្តី​រាយការណ៍ ​របស់​កាសែត​បាងកកប៉ុស្តិ៍។ ការបោះឆ្នោត​នឹងក្លាយជាការស្ទង់មតិ​ជាផ្លូវការ​ លើកដំបូង​​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ ០៨​ឆ្នាំ។

មេដឹកនាំក្រុមប្រឹក្សា​ជាតិដើម្បីសន្តិភាព និងសណ្តាប់​ធ្នាប់ (NCPO) ជារដ្ឋាភិបាល​ដែលគ្រប់គ្រងប្រទេសថៃ​ ចាប់តាំងពី​ការ​ធ្វើ​​រដ្ឋប្រហារឆ្នាំ២០១៤​ មកហាក់​មាន​ភាព​ស៊ាំ​​ក្នុង​នាម​ជា​អ្នក​កាន់​អំណាច​​ទៅ​ហើយ​។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ដែលត្រូវបាន​ធ្វើ​សេចក្តី​ព្រាង​ដោយ​របប​យោធា​​និយម ​មានគោលបំណង​ដើម្បីរារាំងគណបក្ស​ភឿថៃ មិនឱ្យវិលត្រឡប់​មកកាន់តំណែង​​វិញ ហើយធានា​បាន​ថា​​​ របប​យោធា​​និយម​នឹងបន្ត​​គ្រប់​គ្រង​អនាគត​របស់​​ប្រទេស​ថៃ​ដោយ​មិន​​ខ្វល់​ថា អ្នក​ណា​​ជា​អ្នក​​ឈ្នះ​ឆ្នោត​​ឡើយ។

ក្រុមអ្នកសកម្ម​និយមបាននិយាយថា ច្បាប់របស់លោក​ ប្រាយុទ្ធ ចាន់អូចា ដែលជាមេដឹក​នាំរដ្ឋ​ប្រហារ​យោធា​​ កំពុង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​​ថៃ​បច្ចុប្បន្ន កំពុង​បង្កើន​អំណាច​​របស់​ខ្លួន​កាន់​តែ​​ខ្លាំង​ឡើង​ៗ។ ជាក់​ស្តែង ភ្លាម​ៗ​បន្ទាប់ពី​បាន​ក្តោបក្តាប់​​អំណាច លោក ប្រាយុទ្ធ​ បានហាមឃាត់​រាល់​ការធ្វើយុទ្ធនាការនយោបាយ​ទាំងអស់ រួមទាំងការប្រមូល​ផ្តុំ​បែប​នយោបាយ​​ដោយ​មាន​មនុស្ស​​លើស​ពី​​ ០៥នាក់។ មិន​តែប៉ុណ្ណោះ សកម្មជន​​រាប់រយនាក់​ត្រូវបានចាប់ខ្លួន និងចោទប្រកាន់​នៅក្រោមច្បាប់​ដ៏ឃោរឃៅ គឺ​ហាម​ប្រមាថ​​រិះគន់​ដល់​រាជវង្ស​​ស្តេច​​ជា​ដើម​។

លោក ស៊ូណៃ ផាសុខ អ្នកស្រាវជ្រាវជាន់ខ្ពស់​នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស​​ប្រចាំ​តំបន់ អាស៊ី បាន​ថ្លែង​កាល​​ពីខែមិថុនា​ ឆ្នាំ​២០១៨​កន្លង​ទៅនេះថា «លោក​ឧត្តមសេនីយ៍​ ប្រាយុទ្ធ កាន់​អំណាច​ដោយ​គ្មាន​​ការ​អ្នក​ត្រួតពិនិត្យ​។ លោក​បន្ត​ប្រើប្រាស់​​វិធានការ​បង្ក្រាប​ជា​ប្រចាំ​មាន​ន័យ​ថា​ មិន​ថា​អ្នកបោះឆ្នោត គណបក្សនយោបាយ និង​ប្រព័ន្ធផ្សព្វផ្សាយ​​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ថៃ សុទ្ធ​តែ​ត្រូវ​បាន​​គេ​បិទ​មាត់ និងចង​ដៃ ដោយ​គ្មាន​សិទ្ធ​អ្វី​ទាំង​អស់​​នៅ​ក្នុង​ការបោះឆ្នោត​​ខាងមុខ»

លោក​ ប្រាយុទ្ធ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួមក្នុងការបោះឆ្នោត​​ជាមួយ​គណបក្ស​​ទើប​បង្កើត​ថ្មីមានឈ្មោះថា ផាឡាង ប្រាចារ៉ាត់ (Phalang Pracharat)។ លោកសាស្ត្រាចារ្យរង​នៃ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍ នៃ​សាកលវិទ្យាល័យ​ក្យូតូ បាន​ប្រាប់​​ទូរទស្សន៍ CNN ថា «លោក​ចង់​ក្លាយ​​ជា​នាយករដ្ឋមន្ត្រី​​យ៉ាង​ខ្លាំង នេះ​គឺ​អំពី​មហិច្ឆតា​​ផ្ទាល់​ខ្លួន​របស់​​លោក»។ ដើម្បី​សម្រេច​​បាន​នូវ​មហិច្ឆតា​​នោះ លោក ប្រាយុទ្ធ ចាំ​បាច់​ត្រូវ​រក្សា​​អំណាច​​គ្រប់​យ៉ាង។

គួរជម្រាប​ថា ប្រជាពលរដ្ឋ​ថៃ​នឹង​ត្រូវ​បោះឆ្នោត​ឱ្យ​សភា​​ជាន់​ទាប​ចំនួន ៥០០អាសនៈ ខណៈដែល​សភាជាន់ខ្ពស់ ឬព្រឹទ្ធសភា​​ចំនួន ២៥០​​​អាសនៈ នឹងត្រូវជ្រើសរើស​ដោយយោធា។ លោក ធីទីណាន ផុងស៊ុដហ៊ីរ៉ាក់ (Thitinan Pongsudhirak) នាយក​វិទ្យាស្ថាន​សន្តិសុខ និងសិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ ជូឡាឡុងកន បាន​និយាយ​ថា «នេះ​ជា​​យុទ្ធសាស្ត្រ​មួយ ដែល​ត្រូវ​បាន​ចង​ក្រង​ឡើង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ក្នុងគោលបំណង​រក្សា​អំណាច​​យោធា ដើម្បី​គ្រប​ដណ្តប់​​លើ​មេដឹកនាំ​ស៊ីវិល»

ហេតុ​នេះ​ទោះបីជាគណបក្សនិយម​យោធាមិនឈ្នះ​ក្តី ក៏ដោយក៏រដ្ឋ​ធម្មនុញ្ញថ្មី បាន​បង្កើត​គោលនយោបាយ​ថ្មី​ដើម្បី​​ធានា​បាន​ថា របបយោធា​ដែលអនុញ្ញាតឱ្យ​នាយករដ្ឋមន្ត្រី​មិន​​ទទួល​បាន​សម្លេង​​គាំទ្រ​ និង​មួយភាគបីនៃសមាជិកសភា ត្រូវតែងតាំង​ដោយ​​អំណាច​យោធា។ ក្នុង​ការ​បោះឆ្នោត​​លើក​នេះ ប្រជា​ពលរដ្ឋ​ថៃ​ចោទ​ការសង្ស័យថា​ តើ​ការ​បោះឆ្នោត​​​មាន​ភាព​សេរី ឬ​យុត្តិធម៌​​ទាំង​ស្រុង​ដែរ​ ឬទេ? បើ​គ្រប់​យ៉ាង​​ហាក់​ស្ថិត​ក្នុង​ដៃ​មេដឹកនាំ​​យោធា​​និយម​បែប​នេះ?

ប្រភព៖ វែបសាយព័ត៌មាន CNN, ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩
បកប្រែ និងសម្រួល៖ អ៊ឹត ចណ្ណា