(ម៉ូស្គូ)៖ នៅទីបំផុត​​ជំនួបពិភាក្សាគ្នារវាង​ប្រធានាធិបតីរុស្ស៊ី​​លោក វ្ល៉ាឌីមៀ ពូទីន និងនាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីនហ្សូ អាបេ បានចាប់ផ្តើម​ប្រព្រឹត្តទៅហើយ​នៅក្នុង​រដ្ឋធានីម៉ូស្គូ នាថ្ងៃអង្គារនេះ ដើម្បី​ស្វែងរកដំណោះ​ស្រាយសមស្រប​មួយ ទៅលើជម្លោះប្រជុំកោះ ឃើរៀល (Kuril Islands) ដែល​ជប៉ុន​ និងរុស្ស៊ី​សុទ្ធតែអះអាង​កម្មសិទ្ធិដូចៗគ្នា។ នេះបើ​តាម​ការចេញផ្សាយ​ដោយ Channel News Asia នាព្រឹក​ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

ការជួបពិភាក្សា​រវាងលោក អាបេ និងលោក ពូទីន នាពេលនេះ​គឺជាលើកទី ២៥ ហើយ​គិត​ចាប់តាំងពី​ឆ្នាំ២០១៣ ដែល​ជម្លោះប្រជុំកោះ Kuril នៅតែជាគោលចម្បង​នៃប្រធាន​បទ ដែល​មេដឹកនាំ​​ប្រទេសធំៗទាំងពីរ​តែងតែបានលើកយកមកពិភាក្សា​គ្នា។ ដោយឡែក​កិច្ចប្រជុំ​លើកទី ២៥ នេះ​ត្រូវបានគេមើល​ឃើញថា ហាក់​បានក្លាយជា​ចំណាបអារម្មណ៍ខ្លាំង​ជាងពេលណាៗ​ទាំងអស់ ពីសំណាក់​​សហគមន៍អន្តរជាតិ ព្រោះវា​អាចនឹងឈានទៅរក​ការបែងចែក​កោះខ្លះ ក្នុងចំណោមកោះ​ធំៗ​​ទាំង ០៤ ដែលស្ថិតនៅក្នុងបញ្ជីកោះជម្លោះ ដើម្បីឲ្យ​កិច្ចព្រមព្រៀង​ស​ន្តិភាព​រវាង​ប្រទេស​ទាំងពីរ​បង្កើតឡើងបាន ប៉ុន្តែវា​ក៏មិនមែនងាយស្រួលដូច​ការគិត​នោះដែរ។

បញ្ហាជម្លោះ​​​ជុំវិញកោះ​ចំនួន ០៤ នៅភាគ​ខាងត្បូង​​ទីប្រជុំកោះ Kuril គឺជា​ឧបសគ្គ​នៃការចុះសន្ធិសញ្ញា​​​ដើម្បី​បញ្ចប់​សង្រ្គាម​​លោក​លើកទីពីរ​​ ជាផ្លូវការ​​​រវាង​ប្រទេសរុស្ស៊ី និងជប៉ុន។ បើនិយាយ​ពីខ្សែក្រវ៉ាត់កោះ Kuril ទាំងមូលវិញនោះ គឺមានកោះ​ទាំងតូច​ទាំងធំ​សរុប​រហូត​ដល់ទៅ ៥៦ ឯណោះ ដោយ​ក្នុង​នោះ​កោះ​ដែល​ប្រទេស​ទាំងពីរ​កំពុង​​មានជម្លោះរវាងគ្នា គឺ​មានចំនួន ០៤ ប៉ុន្តែវា​កំពុងស្ថិតក្រោម​ការគ្រប់គ្រងមិន​ផ្លូវការ​របស់រុស្ស៊ី។

គួរបញ្ជាក់ថា នៅមុននៃការជួប​ពិភាក្សាគ្នានេះប្រារព្ធឡើង នាយករដ្ឋ​មន្រ្តីជប៉ុន​លោក ស៊ីនហ្សូ អាបេ បានអះអាងថា លោកកំពុង​ពិចារណាចុះសន្ធិសញ្ញា​សន្តិភាព​ជាមួយប្រទេស​រុស្ស៊ី ប្រសិន​បើ​ទីក្រុងម៉ូស្គូ​យល់ព្រមប្រគល់​កោះ​ចំនួន ០២ នៃទីប្រជុំកោះឃើរៀល (Kuril Islands) ឲ្យមកខ្លួនវិញ ប៉ុន្តែនៅ​ប៉ុន្មាន​​ថ្ងៃមុននេះទៀត រុស្ស៊ីក៏​ធ្លាប់បានបង្ហើប​ប្រាប់ទីក្រុងតូក្យូរួចហើយដែរថា ទីក្រុងម៉ូស្គូចង់​​បានប្រជុំកោះ Kuril ទាំងអស់​ទើប​ខ្លួន​ព្រមចុះ​សន្ធិសញ្ញា​សន្តិភាពជាមួយជប៉ុន៕