(កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិ​អូស្ត្រាលីលោក គ្រីស្តូហ្វឺ ភីណេ (Christopher Pyne) បាន​ប្រកាសពី​គម្រោងបំពេញទស្សនកិច្ច​ជាលើកដំបូង នៅកាន់ប្រទេសចិន ដែល​នឹងត្រូវធ្វើ​ឡើងនាឱកាស​រៀបចំដំណើរទស្សនកិច្ច ០៦ថ្ងៃ ទៅកាន់​បណ្តា​ប្រទេសនានានៅអាស៊ី នៅក្នុងគោលដៅ​រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

ការចាកចេញ​សម្រាប់​ដំណើរទស្សនកិច្ច​ក្រៅប្រទេស របស់លោក​រដ្ឋមន្ត្រីការពារជាតិ​អូស្ត្រាលី គឺត្រូវចាប់​ផ្តើមពីថ្ងៃអង្គារសប្តាហ៍នេះ​តែម្តង ដោយលោក​នឹង​បំពេញទស្សនកិច្ច​ទៅកាន់​ប្រទេសចិន សិង្ហបុរី និងជប៉ុន។ ទស្សនកិច្ច​លើកដំបូង​របស់​លោក Payne ទៅកាន់​ប្រទេសចិន​នេះផងដែរ គឺតបតាមការ​អញ្ជើញរបស់​រដ្ឋមន្ត្រី​ការពារជាតិ​​ចិនលោក វៃ ហ្វេងហេ (Wei Fenghe) បន្ទាប់ពី​សមភាគីទាំងពីរបានជួប​ពិភាក្សាគ្នា​រយៈពេលខ្លី កាលពី​កំឡុងកិច្ច​ប្រជុំកំពូល​ថ្នាក់តំបន់មួយ ដែលបានប្រារព្ធ​ឡើងក្នុងប្រទេស​សិង្ហបុរី នាឆ្នាំ២០១៨។

គួរបញ្ជាក់ថា នៅមុនដំណើរ​ទស្សនកិច្ច​ធ្វើឡើង រដ្ឋមន្ត្រីការពារជាតិ​អូស្ត្រាលី​​បានចេញ​សេចក្តីថ្លែងការណ៍មួយ ដែលរៀប​រាប់ពី​ដំណើររបស់លោក ហើយក្នុង​នោះ​​លោក Payne ដែល​លើក​ឡើងពីសារៈសំខាន់ នៃចំណងទាក់ទង​លើវិស័យការពារជាតិ​រវាងចិន និងអូស្ត្រាលី ដែលជាគន្លឹះដ៏សំខាន់​សម្រាប់សន្តិសុខ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បន្ទាប់ពី​បញ្ចប់ទស្សនកិច្ច​​នៅ​ចិន ប្រមុខ​ការពារជាតិអូស្ត្រាលី​នឹងបន្តដំណើរទៅជប៉ុន និងសិង្ហបុរី​ជាកិច្ច​បញ្ចប់៕