(ម៉ូស្គូ)៖ មនុស្សយ៉ាងតិច១១នាក់បានបាត់បង់ជីវិត បន្ទាប់ពីកប៉ាល់ដឹកឧស្ម័ន LNG ចំនួនពីរគ្រឿង​ត្រូវភ្លើងឆាបឆេះ នៅ​ច្រក​សមុទ្រ Kerch ​ដែលតភ្ជាប់សមុទ្រខ្មៅនិងសមុទ្រ Azov។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

នាវិកសរុប​៣១នាក់ ក្នុងនោះមានទាំងជនជាតិតួកគីនិងឥណ្ឌា ត្រូវគេរាយការណ៍ថា មានវត្តមាននៅលើកប៉ាល់ដឹកឧស្ម័ន​ទាំង​​ពីរគ្រឿង​ខាងលើដែលមានដោតទង់ជាតិប្រទេសតង់ហ្សានី។ តួលេខចុងក្រោយបំផុតបានបញ្ជាក់ថា មនុស្ស១១នាក់បាន​ស្លាប់​និង​១២នាក់នៅមានជីវិត ខណៈ​ប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងតែបន្តប្រព្រឹត្តទៅ។

គួរជម្រាបថា យោងតាមព័ត៌មានបឋម ហេតុការណ៍ផ្ទុះបានកើតមានឡើងលើកប៉ាល់មួយគ្រឿង និងបង្កជាអណ្តាតភ្លើងដែល​ក្រោយ​មករីក​រាលដាលទៅដល់កប៉ាល់មួយគ្រឿង ក្នុងអំឡុងពេលកប៉ាល់ទាំងពីរកំពុងផ្ទេរឧស្ម័ន LNG៕