(តេហេរ៉ង់)៖ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ លោក Aziz Nasirzadeh បានព្រមានថាទីក្រុងតេហេរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈម មុខ និងកម្ទេចអ៊ីសា្រអែលចេញពីផែនទីពិភពលោក។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានទ័ពអ៊ីរ៉ង់ជាច្រើននៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។

លោក Nasirzadeh ធ្វើការព្រមានធ្ងន់ៗបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់ក្លឹបអ្នកកាសែតវ័យក្មេងអ៊ីរ៉ង់។ ថ្លែងនាឱកាសនោះ មេបញ្ជាការរូបនេះបានលើកឡើងដូច្នេះថា៖«កងទ័ពអាកាសអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយអ៊ីស្រាអែល និងកម្ទេច រដ្ឋជ្វីបមួយនេះចេញពីផែនទីពិភពលោក។ មិនតែប៉ុណ្ណោះ យុវជនជំនាន់ក្រោយរបស់យើងកំពុងសិក្សាស្វែងយល់ ព្រមទាំងសន្យាផងដែរថា នឹងកម្ទេចអ៊ីស្រាអែលនៅថ្ងៃណាមួយ»។

គួរបញ្ជាក់ថា បើតាមយោធារុស្ស៊ី ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើមូលដ្ឋានទ័ពអ៊ីរ៉ង់នៅលើទឹកដីស៊ីរី នៅព្រឹកថ្ងៃចន្ទនេះ បានផ្ដាច់ជីវិតកងទ័ពស៊ីរី៤នាក់ និង៦នាក់រងរបួស។ ចំណែកឯ ហេដ្ឋារចនាសម្ព័ន្ធខ្លះនៃអាកាសយានដ្ឋានអន្តរជាតិទីក្រុងដាម៉ាស់ ត្រូវបាន បំផ្លាញ ខណៈប្រព័ន្ធមីស៊ីលស៊ីរីបានបាញ់កម្ទេចមីស៊ីលអ៊ីស្រាអែល៣០គ្រាប់៕