(បរទេស)៖ នៅព្រឹកថ្ងៃចន្ទនេះ (ពេលវេលានៅកម្ពុជា) បាតុភូតច័ន្ទគ្រាសពណ៌ក្រហមតែមួយគត់ក្នុងឆ្នាំ២០១៩ បាន​កើត​មាន​ឡើង​នៅ​លើ​ផ្ទៃ​មេឃ​នៃ​​ទ្វីប​​អាមេរិក​ទាំងមូល រួមជាមួយផ្នែក​ខ្លះនៃតំបន់អឺរ៉ុបនិង​អាហ្វ្រិក (ត្រូវនឹងយប់ថ្ងៃអាទិត្យ​នៅ​តាម​តំបន់​ទាំង​នេះ)។ នេះ​បើ​តាម​ការ​ដកស្រង់​ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

បាតុភូតច័ន្ទគ្រាសខាងលើ​ត្រូវបានមើលឃើញពីប្រទេសនៅឯតំបន់អាមេរិកខាងជើង​​និងខាងត្បូង ព្រមទាំងកោះ​គ្រីន​ឡែន អ៊ីស្លង់ អៀរឡង់ ចក្រភពអង់គ្លេស ន័រវែស ស៊ុយអែត ព័រទុយហ្គាល់ បារាំង អេស៉្បាញ និងអាល្លឺម៉ង់។ បាតុភូត​នេះបានលេច​ឡើង​នាវេលាយប់ថ្ងៃអាទិត្យនៅតាមតំបន់ទាំងនោះ តែត្រូវ​នឹង​ពេល​​ព្រឹក​នៅ​ប្រទេសកម្ពុជា ហើយមានរយៈពេល៦២នាទី។

គួរជម្រាបថា ច័ន្ទគ្រាសខាងលើគេហៅថាច័ន្ទគ្រាសក្រហមឬច័ន្ទគ្រាសលោហិត ពីព្រោះវាជាបាតុភូតច័ន្ទគ្រាសពេញលេញ (​ព្រះច័ន្ទត្រូវ​​ស្រមោល​ផែនដីបាំងជិតទាំងស្រុង)។ ព្រះច័ន្ទមើលទៅមានពណ៌ក្រហម ដោយសារតែការជះរាយប៉ាយ​នៃ​ពន្លឺ​របស់​​ព្រះអាទិត្យ​នៅ​ក្នុង​បរិយា​កាសផែនដី ហើយព្រះច័ន្ទដែលមានលក្ខណៈបែបនេះ ពេលខ្លះត្រូវគេហៅថា «Blood Moon»។

រីឯ​ព្រះច័ន្ទ​ពេញវង់នៅ​ក្នុងខែមករា ជួនកាលគេហៅថា Wolf Moon (ព្រះច័ន្ទចចក) ម៉្យាងវិញទៀតវាក៏​ខិត​មក​ជិត​ផែនដី ជា​ហេតុ​ធ្វើឲ្យ​វា​មើលទៅធំ​ភ្លឺជាងធម្មតាថែមទៀត និង​ត្រូវ​គេហៅថា Supermoon ផងដែរ។ សរុបសេចក្តី​មក​បាតុភូត​ច័ន្ទ​គ្រាស​នៅ​ថ្ងៃ​នេះមានឈ្មោះ​​ពេញថា «Super Bood Wolf Moon»។ ព្រឹត្តិការណ៍ច័ន្ទគ្រាសពេញ (Total Eclipse) ដែលអាចមើលឃើញនៅ​លើផែនដី នឹងមិនកើតឡើងទៀតឡើយរហូតទាល់តែដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១៕