(វៀងច័ន្ទ)៖ ប្រធានាធិបតីឡាវ លោក Bounnhang Vorachit បានអំពាវនាវដល់កង​ទ័ព​ឡាវឲ្យប្រឹងប្រែងបង្កើនសមត្ថភាព និង​​ត្រៀមលក្ខណៈដើម្បីបំពេញកាតព្វកិច្ច​របស់ខ្លួន ក្នុងការថែរក្សាការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី​នៃ​ប្រទេសឡាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

លោក Bounnhang បានធ្វើការលើកឡើងបែបនេះ ក្នុងឱកាសអបអរខួប​៧០ឆ្នាំនៃការបង្កើត​កងទ័ព​ឡាវ (២០ មករា ១៩៤៩-​​២០ មករា ២០១៩) នៅសាកលវិទ្យាល័យយោធា Kommadam ក្នុងខេត្តវៀងច័ន្ទកាលពីថ្ងៃអាទិត្យម្សិលមិញ។ លោក​ប្រធានា​ធិបតីឡាវ ក៏បានសង្កត់ធ្ងន់ផងដែរ ​តម្រូវការចាំបាច់នៃ​ការពង្រឹង​សមត្ថភាពយោធា តាមរយៈការធ្វើឲ្យប្រសើរឡើង​នូវ​ប្រព័ន្ធ​​ដឹក​នាំ​ ការធ្វើសមយុទ្ធ និងការប្រើប្រាស់បច្ចេកទេសទំនើបថ្មី។

គួរជម្រាបថា ​កាលពីថ្ងៃអាទិត្យ ពិធីព្យុហយាត្រាធំមួយត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពី​​គ្រប់កងអង្គភាពនៃ​កម្លាំង​យោធា​ប្រដាប់​អាវុធឡាវ រួម​មានទាំងកងទ័ពអាកាស ព្រមទាំងវត្តមាននៃ​បរិក្ខាយោធាទំនើបៗ ដូចជារថក្រោះ រថពាសដែក សព្វាវុធ និង​ប្រព័ន្ធការពារដែនអាកាស ក៏ដូចជាការហោះហើរដោយក្រុមយន្តហោះចម្បាំង៕