(កាប៊ុល)៖ ក្រុមមន្ត្រីអាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាក្រុមសកម្មប្រយុទ្ធតាលីបង់បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខ១២នាក់ នៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដនៅឯមូលដ្ឋានយោធាមួយកន្លែងនៃខេត្ត Maidan Wardak ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

យោងតាមក្រុមមន្ត្រីខាងលើដដែល សមាជិកកងកម្លាំងសន្តិសុខច្រើនជាង២៨នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ ការវាយប្រហារនេះ លើមូលដ្ឋានយោធាអាហ្វហ្កានីស្ថាន កើតមានឡើងនៅពេលដែលក្រុមសម្មប្រយុទ្ធតាលីបង់ជាច្រើននាក់បានបំផ្ទុះរថយន្ដមួយគ្រឿង​ ខណៈ ខ្មាន់កាំភ្លើង២នាក់ទៀត សម្រុកចូលបើកការបាញ់រះនៅបរិវេណមូលដ្ឋានយោធានេះ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់បានចេញមុខអះអាងថាខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ ដែលធ្វើឡើងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ ក្រោយក្រុមសកម្មប្រយុទ្ធមួយនេះបដិសេធចូលរួមកិច្ចចរចាស្វែងរកសន្តិភាពជាមួយសហរដ្ឋអាមេរិក៕