(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូ នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឆេះ​បំពង់ប្រេង​ដ៏សម្បើមមួយ​ នៅឯភាគកណ្ដាល​នៃប្រទេសបានកើនដល់៦៦នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។​

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អភិបាលរដ្ឋ​ហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) បានឱ្យដឹងទៀតថាមនុស្ស ៧៦នាក់ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍ផ្ទុះបំពង់ប្រេងកាលពីល្ងាចថ្ងៃសុក្រ នៅឯទីក្រុងថ្លាហឺលីលផេន (Tlahuelilpan)។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីមូលហេតុផ្ទុះនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ហេតុការណ៍ផ្ទុះខាងលើ​កើតឡើងតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីក្រុមឧក្រិដ្ឋជនលួចទម្លុះ​បំពង់ប្រេងដើម្បី​លួចបូមយក​ប្រេង ខណៈ​រដ្ឋាភិបាលម៉ិចស៊ីកូ​កំពុងប្តេជ្ញា​បង្ក្រាប​ក្រុម​លួចប្រេង​រដ្ឋ ដែលបាននាំឲ្យប្រទេសអាមេរិកខាងជើង​មួយនេះខាតបង់ថវិការាប់​ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗនោះ៕