(ឡុងដ៍)៖ ប្រជាជនអង់គ្លេស​មួយចំនួន​ ដែលធ្លាប់បោះឆ្នោតគាំទ្រឱ្យ​ចក្រភព​អង់គ្លេស ចាកចេញពី​សហភាពអឺរ៉ុប ឬ Brexit​ បានបង្ហាញ​អារម្មណ៍​សោកស្ដាយ​របស់ខ្លួន តាមរយៈការ​អំពាវនាវឱ្យមានការរៀបចំ «​ការបោះឆ្នោត​ប្រជាមតិជាលើកទីពីរ» ស្រប​ពេល​​អ្នក​នយោបាយ​កំពុងបែកបាក់គ្នា ជុំវិញកិច្ច​ព្រមព្រៀង Brexit របស់​នាយករដ្ឋមន្ត្រី​លោកស្រី ថេរ៉េសា ម៉ាយ (Theresa May)។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

កាលពីដើម​សប្ដាហ៍​កន្លងទៅ ប្រជាជនអង់គ្លេស​មួយចំនួន​ដូចជាលោក Gary Maylin មានអាយុ ៣៨ឆ្នាំ មកពីទីក្រុង Norwich ភាគខាងកើត​នៃប្រទេស និងធា្លប់​ជាអ្នកគំាទ្រ Brexit បានចូលរួមជា​មួយចលនាទាមទារ​ ឱ្យមានការបោះឆ្នោតប្រជាមតិជា​លើកទី ២ ដើម្បីបង្ហាញ​ការសោកស្ដាយ​របស់ខ្លួន ​សម្រាប់ការបោះឆ្នោត​គាំទ្រឱ្យអង់គ្លេស​ លែងលះជាមួយ​សហភាពអឺរ៉ុប។

ចលនានេះ​មានឈ្មោះថា «RemainerNow» ត្រូវបាន​រៀបចំឡើងដោយ​អតីតអ្នកគំាទ្រ Brexit។ ប៉ុន្តែ​ការទាមទាររបស់ពួកគេ​​ ត្រូវបានរដ្ឋាភិបាលទីក្រុងឡុងដ៍​បដិសេធជា​បន្តបន្ទាប់ បើទោះជាការ​ស្ទង់មតិជាច្រើនបង្ហាញថា ប្រជាជន​អង់គ្លេស ៥៤ភាគរយ​ចង់ឱ្យបន្ត​ស្ថិតនៅក្នុង​សហភាពអឺរ៉ុប​ក៏ដោយ។

គួរជម្រាបថា កាលពី​ឆ្នាំ២០១៦ កន្លងទៅ ប្រជាជន​អង់គ្លេស ៥១.៩ភាគរយបានបោះឆ្នោត​គាំទ្រ Brexit រីឯ ៤៨.១ភាគរយ​ជំទាស់ ហើយបើតាម​គ្រោងទុក អង់គ្លេសនឹងត្រូវចាកចេញ​ពីសហភាពអឺរ៉ុបនៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។ ប៉ុន្តែ​បច្ចុប្បន្ន កិច្ចព្រមព្រៀងលែងលះ​រវាងរដ្ឋាភិបាល​លោកស្រី Theresa May និងសហភាពអឺរ៉ុប​ត្រូវបានសភា​អង់គ្លេសបដិសេធ​មិនទទួលស្គាល់ ដែលនេះកំពុង​បង្កជាការបែកបាក់ និងចម្រូងចម្រាស់​នៅក្នុងចំណោម​អ្នកនយោបាយ​ដ្បិតបើសភា​មិនអនុម័ត ហើយគ្មានការបោះឆ្នោត​ប្រជាមតិជាថ្មី នោះទីក្រុងឡុងដ៍​នឹងត្រូវចាកចេញ ដោយគ្មានកិច្ច​ព្រមព្រៀង​អ្វីទាំងអស់៕