(ញូយ៉ក)៖ ទីក្រុងញូយ៉ក​កំពុងប្រឈមមុខ​នឹងវិបត្តិ​ជាច្រើន ខណៈការបិទ​រដ្ឋាភិបាល ដែលបាន​និងកំពុងបង្កផលប៉ះពាល់​ដល់ការ​រស់នៅ​របស់ប្រជាជន​អាមេរិក​ហាក់ដូចជាគ្មានសញ្ញាថា​ នឹងដល់ទីបញ្ចប់​សោះ។ នេះបើ​តាមលោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill de Blasio) ដកស្រង់ចេញ​ផ្សាយ​ដោយទីភ្នាក់ងារ សារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

អភិបាលក្រុង​ញូយ៉ក លោក Bill de Blasio ធ្វើការកត់​សម្គាល់បែបនេះ​ នៅក្នុងសន្និសីទ​សារព័ត៌មាននៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅ​អាមេរិក)។ លោក Blasio បាន​បន្ថែមថា ដោយសារតែ​ការបិទរដ្ឋាភិបាល ទីក្រុងញូយ៉ក​មិនមានថវិកាគ្រប់គ្រាន់​ ក្នុងការដោះស្រាយ​បញ្ហា​នោះទេ ហើយលោក​បានព្រមានដែរថា ចាប់ថ្ងៃទី០១ ខែមីនា តទៅ បើសិនជា​ការបិទរដ្ឋាភិបាលនេះ​នៅតែបន្ត នោះញូយ៉ក​នឹងត្រូវខាតបង់​ប្រាក់ជាង ៥០០លានដុល្លារ​ជារៀងរាល់ខែ​ សម្រាប់គំាទ្រ​ដល់កម្មវិធី ឬគម្រោង​សហព័ន្ធនានា ក្នុងនោះរួមមាន​ទាំងប្រព័ន្ធ​លំនៅដ្ឋាន កម្មវិធី​ផ្ដល់អាហារ ពេលព្រឹក និងថ្ងៃត្រង់​នៅតាមសាលាជាដើម​ដែលនឹងអាចប៉ះពាល់ប្រជាជន​នៅក្នុងទីក្រុងមួយនេះ​ រហូតយ៉ាងតិចណាស់ ០២លាននាក់។

គួរបញ្ជាក់ថា ការបិទរដ្ឋាភិបាល​ដោយសារតែគម្រោង​សាងសង់ជញ្ជាំង​របស់លោក ដូណាល់ ត្រាំ បានឈានចូលដល់​ថ្ងៃទី២៧ គិតត្រឹម​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ រីឯបុគ្គលិក​រដ្ឋជាង ៨០០,០០០នាក់ ក្នុងនោះមាន ១៨,០០០នាក់​ជាបុគ្គលិករដ្ឋក្នុង​ទីក្រុងញូយ៉ក មានខ្លះបាន​ដាក់ពាក្យ​ឈប់សម្រាក ហើយខ្លះទៀត​កំពុងធ្វើការដោយ​មិនទាន់ មាន​ប្រាក់ខែ​បើក៕