(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិ​ស្ដីទីអាមេរិក លោក ផាទ្រីក សាណាហាន (Patrick Shanahan) បាននិយាយថា សមត្ថភាពមីស៊ីល​របស់អ៊ីរ៉ង់ និងជាពិសេស​កូរ៉េខាងជើង​ នៅតែ ក្ដីកង្វល់ដ៏ធំរបស់​សហរដ្ឋអាមេរិក បើទោះបីជាទីក្រុងព្យុងយ៉ាង​បានផ្អាកការធ្វើ​តេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ​របស់ខ្លួនក៏​ដោយ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

នៅក្នុង​ពិធីដាក់ចេញកម្មវិធីពិនិត្យប្រព័ន្ធការពារមីស៊ីលឆ្នាំ ២០១៩ (2019 Missile Defense Review) នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះក្នុងមន្ទីរបញ្ចកោណ លោក Shanahan បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខណៈពួកយើង​ស្ថិតនៅលើដំណាក់​កាលថ្មី​មួយឆ្ពោះ​ទៅកាន់​ការស្វែងរក​សន្តិភា​ព​នៅលើឧបទ្វីបកូរ៉េ... សមត្ថភាព មីស៊ីលអ៊ីរ៉ង់ ជាពិសេសគឺកូរ៉េខាងជើ​ងនៅតែក្ដីកង្វល់ដ៏ធំ សម្រាប់យុទ្ធសាស្ត្រ​មីស៊ីលរបស់​សហរដ្ឋអាមេរិក»។

តែទោះជាយ៉ាងនេះក្ដី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិកលោក ចន រូដ (John Rood) ក៏បានសង្កតធ្ងន់ដែរថា បើទោះបីជា​ទីក្រុងព្យុងយ៉ាង មានមីស៊ីល​រយៈចំងាយឆ្ងាយ​ ដែលមានសមត្ថភាព​បាញ់ដល់ទឹកដី​អាមេរិកក៏ដោយ តែផ្អែកលើ​គោលនយោបាយ 2019 Missile Defense Review របស់រដ្ឋបាល​លោក ដូណាល់ ត្រាំ កងកម្លាំងមីស៊ីល​អាមេរិកនឹងមាន​សមត្ថភាពគ្រប់គ្រាន់​ ក្នុងការទប់ស្កាត់​ការគម្រាម​កំហែងនេះ។

គួរបញ្ជាក់ថា ការលើកឡើង​ខាងលើរបស់​លោក Patrick Shanahan ធ្វើឡើងបន្ទាប់​ពីសារព័ត៌មាន យ៉ូមីអ៊ូរិ ស៊ីមប៊ុន (Yomiuri Shimbun) បានរាយការណ៍ កាលពីថ្ងៃអាទិត្យ​កន្លងទៅថា យោធាកូរ៉េខាងជើង​បានធ្វើតេស្ដ​កាលពីខែធ្នូ ឆ្នាំ២០១៨ នូវឧបករណ៍​ទំនាក់ទំនងដោយ​ស្វ័យប្រវត្តិមួយ​ សម្រាប់​តាមដាន​ការបាញ់មីស៊ីល​អន្តរទ្វីប ICBM។ លើសពីនេះ​ទៅទៀត សារព័ត៌មាន​ជប៉ុនមួយនេះ​​ថែមបានទាំងចុះផ្សាយថា ទីក្រុងព្យុងយ៉ាង​ក៏បានធ្វើតេស្ដលើ​ឧបករណ៍ចាប់រលកសំឡេង ដែលអាចតម្លើង​លើមីស៊ីលបាលិស្ទីគ ដើម្បីអនុញ្ញាត​ឱ្យយោធារបស់ខ្លួនងាយ​ស្រួលតាមដាន​ល្បឿន ទីតាំង និងការហោះហើរ​របស់មីស៊ីល​ផងដែរ៕