(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ បានបង្ហាញ​ចេញនូវផែនការថ្មីៗក្នុងមន្ទីរបញ្ចកោណ ដែល​មានដូចជាការ​បង្កើន​សមត្ថភាព និងដាក់​ពង្រាយ​បន្ថែមនូវប្រព័ន្ធ​ការពារមីស៊ីល​ ដើម្បីការពារសវុត្ថិភាព​ទឹកដី​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​ប្រសើរជាង​មុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានថ្លែងនៅ​ក្នុងកិច្ចប្រជុំមួយនា​មន្ទីរបញ្ចកោណ​​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​នឹង​បង្កើនកិច្ចការពារ​សុវត្ថិភាពរបស់ខ្លួន ប្រឆាំងនឹង​ការ​វាយប្រហារ​នានា​ដោយគ្រាប់មីស៊ីល​ដូចជាពពួកមីស៊ីលប្រដេញ និងមីស៊ីលលឿន​ជាងសំឡេងជាដើម...។ ពិភពលោក​បាននិងកំពុងផ្លាស់​ប្តូរហើយ ដូច្នេះសហរដ្ឋអាមេរិក​​មិនអាចគ្រាន់តែ​មាន​ការផ្លាស់ប្តូរ​តិចតួចនោះទេ... វាមិនគ្រប់គ្រាន់​ឡើយសម្រាប់យើង ដោយគ្រាន់តែ​រក្សាល្បឿន​នៃការប្រកួតប្រជែង ស្មើៗនឹងសត្រូវរបស់​យើង​នោះ...»

បើតាមរបាយការណ៍​នានាកន្លងមក មន្ទីរការពារជាតិ​បញ្ចកោណនៃ​សហរដ្ឋអាមេរិក កំពុង​តែពិនិត្យទៅលើ​លទ្ធភាពបង្កើន​ការដាក់ពង្រាយ​ ខែលការពារមីស៊ីល​​បាញ់ចេញពីគ្រប់ទិស ទៅលើ​ប្រព័ន្ធការពារ​​ដែល​មានស្រាប់ បូករួមទាំង​ការបំពាក់ប្រព័ន្ធសេនសឺ​នៅទីអវកាស និង​ប្រព័ន្ធស្ទាក់ចាប់​សញ្ញាមីស៊ីល ដែលអាច​​ឲ្យអាមេរិក​ចាប់បាន​គ្រាប់មីស៊ីល​ប្រភេទ​លឿន​ជាងសំឡេង និងយន្តហោះដ្រូន ព្រមអាចប្រើប្រាស់​កាំភ្លើងឡាស៊ែរ ដើម្បីបាញ់ទម្លាក់​អាវុធសត្រូវទាំងនេះ​​ថែមទៀតផង។

គួរបញ្ជាក់ថា ទោះបីជា​មិនបានការបញ្ជាក់ចំៗ​ថា សត្រូវពិតប្រាកដជានរណាក៏ដោយ ប៉ុន្តែការរៀបចំ​ផែនដីទប់ទល់​ភ្លាមៗ​​របស់សហរដ្ឋអាមេរិក​នេះ គឺបានកើត​មានឡើង​បន្ទាប់ពីប្រទេស​រុស្ស៊ី បានបង្ហាញ​ចេញ​នូវគ្រាប់មីស៊ីលប្រភេទថ្មី ដែលមានល្បឿនលឿន​ជាសំឡេង និង​អាចបញ្ជាឲ្យចង្អុលរកគោលដៅត្រូវវាយ​ប្រហារ​ថែមទៀតផង ដែលប្រការនេះ​បានទាក់ទាញ​​ការចាប់អារម្មណ៍យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​ផ្ទាល់៕