(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោលគម្រោងបំពេញដំណើរទស្សនកិច្ចរបស់ប្រធានសភានៃ គណបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងព្រុចសែល និងប្រទេសអាហ្វហ្កានីស្ថានដោយស្នើឱ្យលោកស្រីនៅចរចា​ស្វែងរកដំណោះស្រាយបញ្ចប់ការបិទរដ្ឋាភិបាលអាមេរិកជាមុនសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានលុបចោលគម្រោងបំពេញទស្សនកិច្ចខាងលើតាមរយៈការមិនអនុញ្ញាតឱ្យលោកស្រី Pelosi និងក្រុមប្រតិភូប្រើបា្រស់ យន្ដហោះយោធាក្នុងការធ្វើដំណើរ។ ប៉ុន្តែ ការសម្រេចចិត្តនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានសភាអាមេរិករូបនេះបានស្នើឱ្យលោក​ប្រធានាធិបតីអាមេរិកលុបចោលសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាអាមេរិកទាំងពីរ កាលពីថ្ងៃពុធ ខណៈនយោបាយកំពុងជាប់គាំង។ ដោយឡែក បើតាមការគ្រោងទុក លោកស្រី Pelosi ត្រូវចាកចេញពីសហរដ្ឋអាមេរិកនៅល្ងាច ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។

គួរបញ្ជាក់ថា ការបិទរដ្ឋាភិបាលមួយផ្នែករបស់លោក ដូណាល់ ត្រាំ បានចូលដល់ថ្ងៃទី២៧ ហើយវាក៏ជាការបិទរដ្ឋាភិបាលមានរយៈពេលយូរជាង គេនៅសហរដ្ឋអាមេរិកផងដែរ។ ការបិទរដ្ឋាភិបាលគឺដោយសារតែលោក ត្រាំ បានបដិសេធអនុម័តលើកញ្ចប់ថវិកាសម្រាប់រដ្ឋាភិបាលសហព័ន្ធ ជាមួយការព្រមានថា លោកនឹងមិនអនុម័តលើកញ្ចប់ថវិកានេះជាដាច់ខាត រហូតទាល់តែកញ្ចប់ថវិកា ៥.៧ពាន់លានដុល្លារសម្រាប់សាងសង់ ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ ត្រូវបានសភាគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យបោះឆ្នោតអនុម័ត៕