(ហាណូយ)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន នឹងធ្វើដំណើរ​មកកាន់ប្រទេស​វៀតណាម សម្រាប់ការបំពេញ​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋជាប្រវត្តិសាស្ត្រ បន្ទាប់ពី​បុណ្យចូលឆ្នាំចិន ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈខាងមុខនេះ ដែលអាចធ្វើឡើងនៅមុនជំនួបកំពូល ត្រាំ-គីម លើកទីពីរ​​ត្រូវរៀបចំឡើង។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។

សារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ក្នុងចំណោមប្រភពចំនួន ០២ ដែលខ្លួនទទួលបាន មានប្រភព​មួយបានទទួលស្គាល់​ពីគម្រោង នៃដំណើរទស្សនកិច្ច​របស់ លោក គីម ជុងអ៊ុន តែមិនបាន​បញ្ជាក់ពីកាលបិរច្ឆេទ​ឡើយ ហើយក៏មិន​បានទទួលស្គាល់ថា ដំណើរទស្សនិច្ចផ្លូវរដ្ឋ​របស់​លោក គីម មកកាន់ ប្រទេស​វៀតណាម មានជាប់ពាក់ព័ន្ធ​នឹងការរៀបចំជំនួបកំពូល​ជាមួយលោក ដូណាល់ ត្រាំ ដែរឬយ៉ាង​ណា​នោះទេ។ ចំណែកឯ ក្រសួងការបរទេសវៀតណាម​វិញ ក៏មិនបានឆ្លើយ​តបនឹង​សំណួរពី Reuters​ ដែរ។

គួរបញ្ជាក់ថា កាលពី​សប្ដាហ៍មុន សារព័ត៌មាននៅក្នុង​ប្រទេសកូរ៉េខាងត្បូង​បានរាយការណ៍ថា លោក ដូណាល់ ត្រាំ ចង់ជួប​លោក គីម ជុងអ៊ុន ជាលើកទី ២ នៅក្នុងទីក្រុងហាណូយ នៅពាក់​កណ្ដាល​ខែកុម្ភៈខាងមុខ ខណៈអ្នកជំនាញ​ជាច្រើនសុទ្ធតែរំពឹងថា វៀតណាមនឹង​ទទួលបាន​សិទ្ធិរៀបចំ ជំនួបកំពូល​នេះ​ដោយសារ​តែប្រទេសកម្មុយនីស្ដ​មួយនេះ មានទំនាក់ទំនងល្អ​ជាមួយកូរ៉េខាងជើង​ផង និង​សហរដ្ឋអាមេរិក​ផង។

ប៉ុន្តែការ​ប្រកាស ជាផ្លូវការ​ពីទីតាំងរៀបចំជំនួប​កំពូល ទំនងជានឹងត្រូវប្រកាស​ក្នុងពេលឆាប់ៗ ពោលគឺអាច​នៅក្រោយកិច្ចប្រជុំ​រវាងមន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង និងអាមេរិក​នៅក្នុង​សប្ដាហ៍នេះ ខណៈប្រទេសថៃក៏បានប្រជែងសុំធ្វើជាម្ចាស់ផ្ទះ ជាមួយ​វៀតណាម​ផងដែរ៕